ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអោយអត្តពលិករបស់ខ្លួន ដណ្តើមមេដាយពីឆាកអន្តរជាតិអោយបាន ដើម្បីលើកកម្ពស់មោទនភាពជាតិ

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯ ឧ ហ៊ុយ វណ្ណៈ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញអោយអត្តពលិករបស់អង្គភាព ដណ្តើមមេដាយពីឆាកអន្តរជាតិអោយបាន ដើម្បីលើកកម្ពស់មោទនភាពជាតិ ការបញ្ជាក់នេះគ្រាដែល ឯ ឧ ចុះជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ ជិត២០០នាក់ ក្នុងអង្គភាពកីឡាក្រោមចំណុះក្រសួងមហាផ្ទៃ និងបានប្រគល់ថវិកា លើកទឹកចិត្តផងដែរ ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯ ឧ ហ៊ុយ វណ្ណៈ បានថ្លែងកោតសរសើរ គណៈគ្រប់គ្រងកីឡាទាំង២៩អង្គភាពរបស់ក្រសួងមហាផ្ទៃ ពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំរហូតដណ្តើមបានមេដាយជាច្រើន ទាំងលើឆាកជាតិ និងអន្តរជាតិ ។ ឯ ឧ បន្តថា ក្រោមការដឹកនាំ និងឧបត្ថម្ភពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបធ្វើអង្គភាពកីឡាក្រសួងមហាផ្ទៃ មានការរីកចំរើនលើគ្រប់វិស័យ មានហេដ្ឋារចនាសម្ព័ន្ធ ដូចជាអាគារមជ្ឈមណ្ឌលហ្វឹកហាត់ដ៏ធំ ជាលក្ខណៈស្តង់ដាអន្តរជាតិ ។

ដូច្នេះហើយ ឯ ឧ ស្នើរអោយកីឡាករទាំងអស់បន្តខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាព ត្រៀមការប្រកួតនានា ដូចជាព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ខាងមុខ ជាពិសេស ស៊ីហ្គេម លើកទី៣២ នា២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីលើកមោទនភាពជាតិ លើឆាកអន្តរជាតិ  ។

ឯ ឧ ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយពេល៣ឆ្នាំចុងក្រោយនេះ កីឡាជំនាញក្រោមចំណុះក្រសួងមហាផ្ទៃ បានកើនឡើងចំនួនសរុប២៩វិញ្ញាសា និង មានកីឡាករសរុបប្រមាណ៤០០នាក់ ក្នុងនោះមាន៖ ប្រដាល់គុណបុរាណខ្មែរ, ល្បុក្កតោ, ទាញព្រ័ត្ត, អត្តពលកម្ម, បាត់ទាត់, បាល់ទះ, ហែលទឹក, ប្រណាំងទូក, ប៉េតង់, ទ្រីយ៉ាត្លុង, វាយសី, ការ៉ាតេ, យូដូ, និង សូហ្វតិន្នីស ជាដើម ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាសូហ្វេត្នីសកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី៦រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 3rd World Junior Solt Tennis Championship Suncheon Korean នាទីក្រុងស៊ូនឈាន់ (Suncheon) សាធារណរដ្ឋកូរ៉េខាងត្បូងជាលទ្ធផលគឺឈ្នះមេដាយសំរឹទ្ធចំនួន២គ្រឿង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner