អត្តពលិកសមាគមកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប៨នាក់ លើ៣ប្រភេទកីឡានឹងទៅចូលរួមប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ានលើកទី១៩

អត្ថបទដោយ៖
Kien Sereyvuth

អត្តពលិកសមាគមកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប៨នាក់ លើ៣ប្រភេទកីឡា ក្នុងចំណោម៦ប្រភេទកីឡា ដែលក្រសួងអប់រំយុវជន និងកីឡាសម្រិតសម្រាំងបាន នឹងទៅចូលរួមប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ានលើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា នាខែធ្នូខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះនៅសកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ពៅ ហុក គ្រូទទួលបន្ទុកផ្នែកកីឡារបស់សកលវិទ្យាល័យអាស៊ីអឺរ៉ុប គូសបញ្ជាក់ថា កីឡាករកីឡាការិនីរបស់ខ្លួនចំនួន៨នាក់ លើ៣ប្រភេទកីឡាត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ អត្តពលកម្ម៣នាក់ មានកីឡាករ ប៉ែនសុខគង់ ឈុន ប៊ុនថន និងកីឡាការិនី ឌួងស្រីភាព។ ផ្នែកហែលទឹក៣នាក់ មានកីឡាករ លឹម កែវឧត្តម-ហែម ប៉ុច និងប្រភេទកីឡាប៉េតង់មាន២នាក់គឺ កីឡាករ ឡាយ ទិត្យមករា និងកីឡាការិនី ស្រៀង សុរ៉ាឃីម។

លោក ពៅ ហុក អះអាងថា លើកនេះក៏ដូចជាបណ្តាឆ្នាំមុនៗដែរ អាស៊ីអឺរ៉ុបតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងក្រោមការជំរុញពីឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យអាស៊ីអឺរ៉ុប ដើម្បីលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន។ ជាក់ស្ដែងការចេញទៅលើកនេះ ឯកឧត្តម ឌួង លាង បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អត្តពលិកទាំង៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លាអាម៉េរិក។

លោកក៏បានបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំ និងឆន្ទៈកីឡាករ កីឡាការិនី តែងតែមានក្តីរំពឹងខ្ពស់។ ក្នុងឱកាសនោះកីឡាការិនី ស្រៀង សុរ៉ាឃីម បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ឯកឧត្តមប្រធានក្រុមប្រក្សាភិបាល ដែលតែងតែយកចិត្តទុកដាក់ដល់កីឡាករកីឡាការិនី ហើយនេះជាផ្នែក១យ៉ាងសំខាន់ក្នុងការផ្ដល់នូវការលើកទឹកចិត្ត និងឆន្ទៈកាន់តែមោះមុតត្រៀមប្រជែងយកមេដាយពីការប្រកួតកម្រិតអន្ដរជាតិ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យកីឡានានា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner