ក្រសួងសេដ្ឋកិច្ចឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមកីឡាករ កីឡាការិនីកីឡាចំបាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈ្នះមេដាយច្រើនជាង ដែលឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម៨សមាគម ដែលបានចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដែលបានប្រកាសបិទជាផ្លូវការ កាលពីល្ងាចម្សិលមិញ នៅ សាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ។ លោក Casey Barnett ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថ្លែងក្រោយបញ្ចប់ការប្រកួតថា ព្រឹត្តិការណ៍ឆ្នាំ២០១៨នេះ ទទួលបានជោគជ័យច្រើនជាងឆ្នាំមុនៗ ដោយសារថ្នាលយុវជនចំនួន១៥នាក់ ដែលសហព័ន្ធកំពុងបណ្តុះបណ្តាលដោយផ្ទាល់នោះ គឺពួកគេបានបញ្ចេញសមត្ថភាពប្រកបដោយគុណភាពខ្ពស់ៗ ក៏ដូចជាកីឡាករ កីឡាការិនីមកពីបណ្តាក្លិបនានាផងដែរ។

លោកអះអាងទៀតថា ពេលនេះសហព័ន្ធកីឡាចំបាប់ កាន់តែរីកចម្រើន ដោយសារពេលថ្មីៗនេះ អត្តពលិកជម្រើសជាតិចំបាប់កម្ពុជាបានយកឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៩ ពីជើងឯកអាស៊ី អាគ្នេយ៍នៅហ្វីលីពីន ដែលតាមរយៈព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនេះ នឹងជួយបន្ថែមនូវការ លើកទឹកចិត្ត កម្លាំងចិត្ត បច្ចេកទេសកាន់តែល្អ ដើម្បីត្រៀមខ្លួនបានរិតតែល្អប្រសើរ សម្រាប់ស៊ីហ្គេមនាឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ។

ជាមួយគ្នានេះ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន១១៩នាក់ មកពី៨ក្លិប និងសមាគម ហើយជាលទ្ធផល គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះមេដាយច្រើនជាងគេ សរុប១៤គ្រឿង ក្នុងនោះមេដាយមាស៦គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ២គ្រឿង។

ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ ឈ្នះមេដាយ១៤គ្រឿងដែរ ក្នុងនោះមេដាយមាស ៦គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ៣គ្រឿង។ រីឯលេខ៣ បានទៅលើក្លិបបារីម៉ឺនឯកខេត្តកណ្តាល ដណ្តើមបានមេដាយ៩គ្រឿង មេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៤គ្រឿង។ ចំពោះ៥ក្លិបមកពីបណ្តាខេត្តនានាក៏ទទួលបានមេដាយមួយចំនួនដែរ និងឈរនៅចំណាត់ថ្នាក់ជាបន្តបន្ទាប់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner