សហព័ន្ធកីឡាវាយសីកម្ពុជាបំផុសចលនាកីឡាវាយសី ដើម្បីបង្កើនសក្តានុពលទៅតាមក្លិប សមាគម និងសាលរៀនទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីជំរុញអភិវឌ្ឍន៍បំផុសចលនាកីឡាវាយសីនៅកម្ពុជាឲ្យក្លាយជាវិញ្ញាសារមួយមានសក្កានុពលនៅតាមក្លិប និងសាលារៀនទូទាំងប្រទេសកម្ពុជានាពេលខាងមុខនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កម្រិតបឋមដល់គ្រូចំនួន៣៥នាក់ មកពីតាមបណ្តាក្លិប និងគ្រូមកពីសាលារៀនរាជធានីខេត្ត ក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ ខែ វិច្ឆិកា បញ្ចប់នៅថ្ងៃ ទី៣ ខែ ធ្នូ ឆ្នាំ២០១៨ បង្ហាត់បង្រៀនដោយលោក SAMBENTHAN SIVAPERUMAL មន្ត្រីអភិវឌ្ឍន៍កីឡាវាយសីអាស៊ី។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលគ្រូកីឡាវាយសីកម្រិតបឋមដែលសហព័ន្ធបង្កើតឡើងនេះ គឺមានគោលដៅសំខាន់បណ្តុះបណ្តាលគ្រូបង្ហាត់នៅតាមក្លិប និងគ្រូនៅតាមសាលអោយចេះនូវជំនាញបច្ចេកទេសបង្ហាត់បង្រៀនក្មេងៗបំផុសអភិវឌ្ឍន៍កីឡាវាយសីឲ្យមានសក្កានុពលនៅតាមបណ្តាក្លិប និងសាលារៀន ដើម្បីត្រៀមខ្លួននៅពេលខាង ដ្បិតក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងបង្កើតព្រឹត្តិការណ៍អន្តរជាតិជាច្រើនដូចជា ព្រឹត្តិការណ៍កីឡាSCHOOL GAME ដែលនឹងអញ្ជើញប្រទេសជិតខាងចូលរួមប្រកួតប្រជែងក្នុងដំណើរពង្រឹងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម កែវ រស់ សមាជិកប្រតិបត្តិ តំណាងប្រធានសហព័ន្ធកីឡាវាយសី មានប្រសាសន៍ថា  វគ្គបណ្តុះបណ្តាលនេះ មិនមែនសិក្ខាកាមរៀនហើយវាក្លាយជាគ្រូខ្លាំងនោះទេ ប៉ុន្តែវគ្គនេះ វាគឺជាស្ពានមួយជួយឲ្យយើងទទួលបាននូវចំណេះបច្ចេកទេស និងវិធីសាស្ត្របង្ហាត់បង្រៀនក្មេងឲ្យចេះលេងកីឡាវាយសី រួចយើងនឹងអាចមើលឃើញពីសមត្ថភាពពួកគាត់លេងនៅតាមបណ្តាក្លិប និងនៅតាមសាលារៀន ដើម្បីសហព័ន្ធយកមកតម្រង់ទិសបណ្តុះបណ្តាលពួកគេឲ្យក្លាយជាកីឡាករការិនីប្រកួតតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោកបានជំរុញឲ្យសិក្ខាកាមដែលជាគ្រូទាំងអស់យកចិត្តទុដាក់ក្រេបជញ្ជក់យកចំណេះដឹងពីវគ្គនេះ ទៅចែករំលែកនៅតាមបណ្តាក្លិប និងសាលានៅមូលដ្ឋានរៀងខ្លួនៗ ដើម្បីបំផុសកីឡាវាយសីឲ្យក្លាយជាកីឡាពេញនិយម ធ្វើឲ្យយុវជនចូលចិត្តលេង និងហ្វឹកហាត់ដូចកីឡាប្រជាប្រិយមួយចំនួននៅកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner