ការប្រកួតកីឡាចំបាប់ជើងឯកឆ្នាំនេះ ប្រើប្រាស់ច្បាប់ និងបទបញ្ជាថ្មី ដើម្បីឲ្យស្របទៅនឹងច្បាប់អន្តរជាតិ

អត្ថបទដោយ៖
ហេង វណ្ណា

សហព័ន្ធកីឡាចំបាប់កម្ពុជានឹងយកច្បាប់ និងបទបញ្ជាដែលទើបមានការកែប្រែថ្មីមួយចំនួនមកអនុវត្តស្របទៅតាមការផ្លាស់ប្តូរនៃច្បាប់ និងបទបញ្ជាប្រកួតរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ដែលបានចាប់ដំណើរការនៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ និងបញ្ចប់នៅថ្ងៃទី២៨ ដើម្បីស្វែរកជើងខ្លាំងប្រចាំឆ្នាំនេះ។ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ថា ជើងឯកថ្នាក់ជាតិនៅឆ្នាំនេះ មានចំនួនក្លិប និងអត្តពលិកចូលរួមប្រហែលទៅនឹងឆ្នាំមុនដែរ។ ប៉ុន្តែលើកនេះ យើងនឹងមានការបន្ថែមនូវច្បាប់ និងបទបញ្ជាការប្រកួតថ្មីខ្លះ និងកាត់បទបញ្ជាចាស់ខ្លះចោល ហើយការធ្វើបែបនេះ ដើម្បី ធ្វើឲ្យការប្រកួតរបស់យើង ស្របទៅតាមការផ្លាស់ប្តូរនៃច្បាប់ និងបទបញ្ជាការប្រកួតមួយចំនួនរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ ពិសេសធ្វើឲ្យការប្រកួតនេះ កាន់តែមានភាពស្វិតស្វាញ។ ជាមួយនឹងការផ្លាស់ប្តូរច្បាប់ និងបទបញ្ជានៃការប្រកួតខ្លះៗនេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានកែប្រែរូបមន្តប្រកួត គឺបើក្នុង១វិញ្ញាសារមានអត្តពលិកចូលរួម ចាប់ពី៦នាក់ឡើង ត្រូវបែងចែកការប្រកួតជា ២ ពូល ដោយយកអ្នកបានលេខ១ និងលេខ២ តាមពូលទាំង ២ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រប៉ុន្តែបើ១ វិញ្ញាសារ មានអ្នកចូលរួម៥ នាក់ចុះក្រោម ត្រូវកំណត់ឲ្យប្រកួតវិលជុំ រួចកំណត់យកចំណាត់ថ្នាក់តែម្តង។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាចំបាប់ថ្នាក់ជាតិឆ្នាំ២០១៨នេះ មានកីឡាករ កីឡការិនីសរុបមាន១១៩ នាក់ មកពីក្លិបចំនួន៨ ក្នុងនោះមានក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ យាយព្រីងមានរិទ្ធិ រិទ្ធីសែនខេត្តកំពង់ឆ្នាំង ឃ្លាំងមឿងខេត្តពោធិ៍សាត់ ខេត្តព្រៃវែង បារមីម៉ឺនឯក និងក្លិបប្រយ៉ាបមានរិទ្ធិ។ គួរបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិនេះ សហព័ន្ធត្រូវចំណាយ៦០លានរៀល តែកញ្ចប់ថវិការបស់ក្រសួងអប់រំ មានត្រឹម៣៦លានរៀល ចំពោះប្រាក់ឧបត្ថម្ភបន្ថែមលោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធ ជាអ្នករ៉ាប់រង។ ជាមួយគ្នានេះ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) តាមរយៈលោក Michael Sovann ក៏បានឧបត្ថម្ភភេសជ្ជៈចំនួន៦០កេស និងទឹកបរិសុទ្ធចំនួន១០កេសដល់ការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner