ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រាក់រង្វាន់មានការកើនឡើង

អត្ថបទដោយ៖
Kien Sereyvuth

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អះអាងថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី២ ឆ្នាំ២០១៨នេះ ធ្វើឲ្យកីឡាករការិនីសារទរយ៉ាងខ្លាំង ដែលប្រាក់រង្វាន់ជ័យលាភីកើនឡើងទ្វេដងខុសពីឆ្នាំមុនៗ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ លើកឡើងថា ការបង្កើនប្រាក់រង្វាន់ជ័យលាភីទ្វេដង ពីឯកឧត្តម បណ្ឌិត ថោងខុន ប្រធានសហព័ន្ធ បានជំរុញលើកទឹកធ្វើឲ្យកីឡាករ ការិនីខិតខំប្រកួតប្រជែងអស់ពីលទ្ធភាព ហើយសិទ្ធផលដែលកើតចេញពីការប្រឹងប្រែងរបស់ពួកគេ អំឡុងពេលប្រកួតប្រជែងនេះ វានឹងក្លាយជាទំលាប់មួយឲ្យពួកគេបន្តខិតខំ ប្រឹងប្រែងហ្វឹកហាត់ដើម្បីជំរុញវិវឌ្ឍន៍សមត្ថភាពឈានទៅដណ្តើមជ័យលាភីឆ្នាំបន្តបន្ទាប់ទៀត។

លោកបញ្ជាក់ទៀតថា ជើងឯកឆ្នាំនេះថ្នាក់ដឹកនាំមិនត្រឹមតែបង្កើននូវប្រាក់រង្វាន់ជ័យលាភីនោះទេ ពោលចៅក្រមអាជ្ញាកណ្តាល និងគណៈកម្មាការ ក៏បានបន្ថែមប្រាក់ឧបត្ថម្ភ លើសពីឆ្នាំមុនៗដែរ ហើយ ពិសេសជាងនេះទៀតនោះ គឺកីឡាករការិនីគ្រូបង្វឹកដែលមកពីខេត្តត្រូវបានការឧបត្ថម្ភ ហូបចុកស្នាក់ នៅយ៉ាងសមរម្យធ្វើឲ្យពួកគាត់សប្បាយរីករាយ និងការចូលរួមប្រកួតផងដែរ។ អគ្គលេខាធិការរូបនេះ អះអាងថា សម្រាប់ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំ នេះសហព័ន្ធអាចនឹងចាយថវិកាអស់ជាង២ម៉ឺនដុល្លារអាម៉េរិក ចំណាយលើប្រាក់រង្វាន់ជ័យលាភី ចៅក្រម អាជ្ញាកណ្តាល និងផ្គត់ផ្គង់លើការហូបចុកស្នាក់នៅរបស់កីឡាករការិនី និងប្រតិភូមកពីបណ្តាខេត្ត។

សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបាននាំយកច្បាប់អន្តរជាតិ មកអនុវត្តក្នុងការកាត់ សេចក្តី ដើម្បីជំរុញលើកកម្ពស់សិទ្ធផលកីឡាករការិនី ពិសេសគឺពង្រឹងធនធាន ចៅក្រម អាជ្ញាកណ្តាល ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ សូមជម្រាប់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ និងពានរង្វាន់ឯកឧត្តម បណ្ឌិត ថោង ខុន លើកទី២ដំណើរការប្រកួតចាប់ពីថ្ងៃទី២៤ និងបិទបញ្ចប់នូវថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner