ម្ចាស់ផ្ទះហ្វីលីពីន ព្រមបញ្ចូលកីឡាសក្ដានុពលកម្ពុជា៦ប្រភេទ ក្នុង SEA Games ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ឆ្លងកាត់កិច្ចប្រជុំរយៈពេល២ថ្ងៃ នៃគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នាឆ្នាំ២០១៩ ដែលហ្វីលីពីននឹងធ្វើម្ចាស់ផ្ទះ កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ហ្វីលីពីន បានកំណត់ប្រភេទកីឡាផ្លូវការ សម្រាប់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន២ឆ្នាំម្ដងនេះហើយ ដោយមានសរុប ៥៦ប្រភេទកីឡា ពិសេសម្ចាស់ផ្ទះបានសម្រេចបញ្ចូលកីឡាមានសក្ដានុពលរបស់កម្ពុជា៦ប្រភេទ តាមសំណើរបស់ភាគីកម្ពុជាទៀតផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលចូលរួមកិច្ចប្រជុំនេះ បានឲ្យដឹងពីប្រទេសហ្វីលីពីនថា «ម្ចាស់ផ្ទះហ្វីលីពីន បានសម្រេចចុងក្រោយជាផ្លូវការ សម្រាប់ប្រភេទកីឡាត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ ហើយ គឺមាន ៥៦ប្រភេទ ក្នុងនោះប្រភេទកីឡា ដែលកម្ពុជាស្នើសុំជាប្រភេទកីឡាមានសក្តានុពល ក៏ត្រូវបានសម្រេចដាក់បញ្ចូលរួចហើយដែរ រួមមាន៖ កីឡាតេក្វាន់ដូ ប៉េតង់ វ៉ូវីណាម ជឺជិតស៊ូ(Jutjutsu) ស្នូកឃ័រ(Billiards snooker) និងកីឡា Soft Tennis។

លើសពីនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់ ដែលកម្ពុជាស្នើសុំដាក់វិញ្ញាសារប្រកួតក្រោមអាយុ ២២ឆ្នាំ(U22) ក៏ត្រូវបានឯកភាពផងដែរ។ នេះគឺជាជោគជ័យមួយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០១៩ ហើយក៏ជាសញ្ញាណវិជ្ជមានមួយ ក្នុងការបង្កើនខ្ទង់មេដាយមាសផងដែរ បន្ទាប់ពីកីឡាមានសក្ដានុពលមួយចំនួន ត្រូវបានម្ចាស់ផ្ទះហ្វីលីពីន ព្រមបញ្ចូលតាមសំណើរបស់កម្ពុជា ដែលធ្វើឲ្យកម្ពុជាយើងរំពឹងកើនមេដាយមាសពី២ដង ទៅ៣ដង បើធៀបនឹងស៊ីហ្គេមលើកមុន» ។

នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។ លោកបានបន្ដថា ចំពោះវិញ្ញាសារប្រកួត តាមប្រភេទកីឡានីមួយៗវិញ ម្ចាស់ផ្ទះគ្រោងនឹងប្រកាសចេញថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដោយយកមូលដ្នាននៃកិច្ចប្រជុំសម្រេចចុងក្រោយ និងការស្នើសុំពីគណៈកម្មាធិការជាតិអូឡាំពិក(NOC)ទាំងអស់ ក្នុងតំបន់អាស៊ាន ស្របពេលការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ គ្រោងរៀបចំពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៣០ ខែវិច្ឆិកា និងពិធីបិទផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

បន្ថែមលើនេះ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ នាឆ្នាំ២០២១ នៅវៀតណាម គឺជាយុទ្ធសាស្រ្ដក្នុងការវាយតម្លៃគុណផលកីឡាគ្រប់ប្រភេទរបស់ខ្លួន ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជាទៀតផង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner