រដ្ឋកាលីហ្វរញ៉ាសម្រេចប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ក្រោយឥទ្ធិពល ភ្លើងឆេះព្រៃគំរាមគំហែងកាន់តែធ្ងន់ធ្ងរ

សហរដ្ឋអាមេរិក៖ អភិបាលរដ្ឋកាលីហ្វរញ៉ា លោក ជែរី ប្រោន បានសម្រេចប្រកាស ដាក់រដ្ឋក្រោមស្ថានភាពអាសន្ន ដើម្បីដោះស្រាយគ្រោះមហន្តរាយ ដោយសារតែ ហេតុការណ៍ភ្លើងឆេះព្រៃដ៏កំណាចមួយនៅតំបន់ ឡេក ខោនធី មានចម្ងាយ ប្រមាណ១៩០គីឡូម៉ែត្រក្រឡាភាគពាយ័ព្យតំបន់ សាក្រាមិនតូ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅនេះ បាន បំផ្លិចបំផ្លាញអគារចំនួន២២ខ្នង និងបង្កការគំរាមកំហែងដល់ផ្ទះ៦០០ខ្នងថែមទៀត ខណៈប្រជាជនអាមេរិករស់នៅក្នុងតំបន់ប្រហែល៣.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីកន្លែងសុវត្ថិភាព ។ ជាងនេះទៅទៀតនោះ វាក៏បានបង្កឲ្យមានការដាច់ចរន្តអគ្គិសនី និងបង្ខំអោយមានការបិទផ្លូវធ្វើដំណើរ ព្រមទាំងបន្តគំរាមកំហែងដល់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធថែមទៀតផង ។
គ្រោះអគ្គីភ័យដ៏កំណាចនេះដែរ ត្រូវបានគេហៅឈ្មោះថា ផរនី ដោយវាបានឆាប ឆេះឡើងកាលពីថ្ងៃ សៅរ៍ កន្លងទៅ និងបានឆេះបំផ្លិចបំផ្លាញផ្ទៃដីប្រមាណ៣២គីឡូ ម៉ែត្រក្រឡា ដោយពុំមានការទប់ស្កាត់បានឡើយសូម្បីតែបន្តិច បើទោះបីទីភ្នាក់ងារពន្លត់អគ្គិភ័យយ៉ាងហោចណាស់២៣០នាក់ កំពុងបន្តប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់នេះ ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner