សម្តេចវិបុលសេនាភក្តី សាយ ឈុំ បញ្ជាក់ថា ការបោះឆ្នោតគឺជាការ សម្រេចជោគវាសនារបស់ប្រទេសជាតិ ហើយការជ្រើសរើសថ្នាក់ដឹកនាំដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព និង ការអភិវឌ្ឍន៍ រឹតតែមិនអាចមើលរំលងបានទៀត

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ពលរដ្ឋ ទៅបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ដែលធ្វើឲ្យនាវាកម្ពុជា មានសន្តិភាព និង ការអភិវឌ្ឍ ការប្រកាសនេះធ្វើឡើងខណៈសម្តេចវិបុលសេនា អញ្ជើញកាត់ខ្សែបូរណ៍សម្ពោធឧបដ្ឋាសាលា វត្តចំការខ្សាច់ ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨។ ឆ្លើយតបនឹងការអំពាវនាវនេះ ពលរដ្ឋវត្តចំការខ្សាច់ ប្រាប់ថា ខ្លួននឹងទៅបោះឆ្នោតដើម្បីគាំទ្រសមិទ្ធិផលរាជរដ្ឋាភិបាលកម្ពុជា និង គាំទ្រសន្តិភាព និង ការអភិវឌ្ឍ ក្នុងឲ្យដូចអតីតកាលដ៏ឈឺចាប់ ដែលត្រូវបាន របបដ៏យង់ឃ្នង បំផ្លាញអស់គ្មានសល់ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម។

បើតាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលើកឡើងថា វិស័យព្រះពុទ្ធសាសនា និង សាសនាដទៃទៀត ត្រូវបានរបប ប៉ុល ពត បំផ្លាញចោលឲ្យសាបសូន្យ ប៉ុន្តែ ថ្ងៃ ៧មករា ១៩៧៩ ចលនាអ្នកសេ្នហាជាតិ ដ៏បរិសុទ្ធ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យវិស័យសាសនារស់ឡើងវិញ និង បានផ្តល់ជូនប្រជាជនខ្មែរ នូវសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និង កន្លែងសក្ការៈបូជានានា ត្រូវបានកសាងឡើង ជាបន្តបន្ទាប់ពេញផ្ទៃប្រទេស។ រាជរដ្ឋាភិបាលអណត្តិទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធិផលជាច្រើន រួមមានផ្លូវថ្នល់ សាលារៀន វត្តអារាម ស្ពាន សំណង់ធារាសាស្ត្រ វារីអគ្គិសនី និង សមិទ្ធិផលជាច្រើនទៀតនៅទូទាំងប្រទេស។

បច្ចុប្បន្ននេះ ឯកឧត្តម លី ឆេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម និង លោកជំទាវ ប៊ូ អ៊ា រួមជាមួយព្រះសង្ឃគណៈកម្មាការអាចារ្យវត្ត និង ពុទ្ធបរិស័ទ បានរួមគ្នាកសាងសំណង់ដែលជាសមិទ្ធិផល សម្ពោធឲ្យប្រើប្រាស់នាពេលនេះ រួមមាន ឧបដ្ឋានសាលា និង សាលាពុទ្ធិកបឋមសិក្សា ដែលមានទំហំ បណ្តោយ ៣០មែត្រ ទទឹង២២ម៉ែត្រ និង កម្ពស់ ២៥ម៉ែត្រនេះ ត្រូវបានចំណាយថវិកា សាងសង់អស់ ៣៦៩,៥០០ដុល្លា ។ កសាងរោងភត្តទំហំ ១០ គុណនឹង ៨ម៉ែត្រ កសាងបូជណីយ៍ដ្ឋាន តម្កល់ព្រះពុទ្ធបដិមា កសាងព្រះពុទ្ធបដិមាលោហៈធាតុ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ចាក់ដីបំពេញទីធ្លាវត្ត កសាងកុដិថ្មីមួយខ្នង រៀបចំសួនច្បារបង្គោលភ្លើងលម្អរវត្ត ជីកអណ្តូង៣កន្លែង និង ប្រព័ន្ធបង្ហូរទឹក សំរាប់ប្រើប្រាស់ក្នុងវត្តជាដើម។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ កោតសរសើរ ដែលវត្តមួយនេះ រក្សាទីតាំង និង ឈ្មោះវត្តឲ្យនៅដដែល និង អំពាវនាវឲ្យពង្រឹងវិន័យព្រះពុទ្ធសាសនា និង កុំឲ្យយកសាសនាធ្វើអាជីវកម្ម ដែលនាំឲ្យប៉ះពាល់ដល់ជំនឿ របស់ប្រជាជនចំពោះព្រះពុទ្ធសាសនា និង ជំរុញឲ្យវត្តអារាមក្លាយជាមណ្ឌល នៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ អភិវឌ្ឍផ្នែកវប្បធម៌ អប់រំសុខាភិបាល សង្គមកិច្ច និង សីលធម៌សង្គម ។
សម្តេចវិបុលសេនា សូមឲ្យពលរដ្ឋរក្សាសាមគ្គីភាព ផ្នែកសាសនា និង ភាពសុខដុមរមនា ជាមួយសាសនិក នៃសាសនាដទៃផ្សេងទៀត ដែលមានក្នុងមូលរដ្ឋាន ទៅតាមគោលនយោបាយ សុខដុមនីយកម្មសាសនា របស់រាជរដ្ឋាភិបាល និង សូមឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយថែរក្សាការពារ និង បង្កគ្រប់លក្ខណៈសម្បត្តិទាំងអស់ ដើម្បីឲ្យវត្តគោរពប្រណិបត្តិតាមធម្មវិន័យបានល្អ តាមប្រពៃណីព្រះពុទ្ធសាសនា តាមពុទ្ធានុញ្ញាត។
   វត្តចំការខ្សាច់ជាទីអារាមមួយស្ថិតនៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកស្រុកហៅវត្តនេះថាជា វត្តចំការខ្សាច់ ដោយសារតែវត្តនេះ បានកសាងឡើងនៅលើទីវាលដីខ្សាច់ដ៏ធំធេង ដែលត្រូវបានដឹកជញ្ជូនមកចាក់ជារៀងរាល់ឆ្នាំ តាមខែ្សទឹកស្ទឹងព្រែកត្នោត ហើយបច្ចុប្បន្នដីខ្សាច់នៅតែបន្តចាក់បង្គរដោយខ្សែទឹក នៅភាគខាងលិចវត្តដដែល៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner