ឯកឧត្តម សៅ សុភាព អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រឹងការងារកិច្ចគាំពារបរិស្ថាន

ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រឹងការងារកិច្ចគាំពារបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។

ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា គឺបានកំណត់យកប្រធានបទសំខាន់ចំនួន៣ មកធ្វើការពិភាក្សា ដែលប្រធានបទទី ១) អំពីទិសដៅនិងវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ប្រធានបទទី  ២) អំពីការវាយតម្លៃប្រសិទ្ធភាពការអនុវត្តច្បាប់គាំពារបរិស្ថាន  និងប្រធានបទទី ៣) អំពី ការជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តលើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាននឹងកំពុងខិតខំបំពេញភារកិច្ចទាំងឡាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការចូលរួម អនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (២០១៦-២០៣០) តាមរយៈការ ធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅពង្រឹងការអនុវត្ត និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របដោយនិរន្តរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ដោយបានកំណត់អាទិភាពគោលនយោបាយរបស់ខ្លួន ឈរលើសសរស្ដម្ភ៤ គឺ ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ ទន្ទឹមនេះ ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយអាទិភាពនៃសសរស្តម្ភទាំង៤ ក្រសួងបរិស្ថានបានដាក់ឱ្យអនុវត្តនូវអភិក្រម «រដ្ឋបាលទំនើប» ដើម្បីកសាងបាននូវភាពជាអ្នកដឹកនំាល្អ និងធានាបាននូវប្រក្រតីភាពនៃប្រព័ន្ធការងារប្រចាំថ្ងៃ។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដោយឡែកនៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការ កំណត់នូវគោលនយោបាយ ផែនការសកម្មភាព និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុល បរិស្ថាននានា ប្រកបដោយភាពច្បាស់លាស់ ដោយមានការចូលរួមគាំទ្រនិងអនុវត្តពីគ្រប់ភាគី ឬ ដៃគូ ពាក់ព័ន្ធទាំងអស់ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើតដោយសកម្មភាពអភិវឌ្ឍន៍ និងភាព រីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទៅក្នុងទឹក ឬ ដី។

ឯកឧត្តម សៅ សុភាព បញ្ជាក់បន្ថែមថា ឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់អនុក្រឹត្យលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការតម្រូវឱ្យបង់ថ្លៃថង់ប្លាស្ទិកនៅតាមទីផ្សារទំនើប និងការបញ្ឈប់ការផលិត ការនាំចូលថង់ប្លាស្ទិកទំហំតូច និងមានកម្រាស់ស្តើងមិនអាចប្រើប្រាស់ឡើងវិញបាន។

ប៉ុន្តែ និន្នាការនៃការប្រើប្រាស់ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកប្រើតែមួយលើក គឺនៅតែមានកំណើនខ្ពស់ ពិសេសសមាសភាគនៃសំរាម សំណល់រឹងទីប្រជុំជន គឺមានសំណល់ជាប្លាស្ទិករហូតដល់ជិត ៣០ ភាគរយ។ ដូចនេះ តាមរយៈប្រធានបទសិក្ខាសាលានាពេលនេះ យើងនឹងធ្វើការពិភាក្សារួមគ្នា ដើម្បីកំណត់ឱ្យបានកាន់តែច្បាស់ពីបញ្ហាសំណល់ប្លាស្ទិក ពិសេស ការកំណត់នូវជម្រើសវិធានការចាំបាច់ និងសមស្របសម្រាប់ការឈានទៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬ សម្ភារៈប្លាស្ទិកដែលប្រើបានតែ១ដង និងសម្រាប់បង្កើនប្រសិទ្ធភាពការ គ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈការរកដំណោះស្រាយលើកកម្ពស់សកម្មភាពកែច្នៃ ឬ ការទាញយកធនធាន ពីសំណល់ប្លាស្ទិក ដើម្បីធានាថាការបោះចោលសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន ត្រូវតែបានកាត់បន្ថយ នាពេលអនាគត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner