អ៊ីស្រាអែលបញ្ជូនជំនួយមនុស្សធម៌ទៅអាស៊ែបៃហ្សង់ និងស្នើផ្តល់ជំនួយដូចគ្នានេះដល់អារមេនីដែរ

AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃអាទិត្យកាសែត Yedioth Ahronot បានរាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានបញ្ជូនជំនួយមនុស្សធម៌ទៅអាស៊ែបៃហ្សង់ ហើយបានស្នើផ្តល់ជំនួយដូចគ្នានេះសម្រាប់ប្រទេសអារមេនីដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីទីក្រុង Yerevan នៅឡើយទេ។

យោងតាមកាសែត Yedioth Ahronot បានឱ្យដឹងថា បន្ទាប់ពីការស្នើសុំរបស់ទីក្រុង Baku សម្រាប់ជំនួយមនុស្សធម៌ និងវេជ្ជសាស្ត្រ ទីក្រុង Tel Aviv បានបញ្ជូនគ្រឿងបរិក្ខារពេទ្យ ក៏ដូចជាសម្ភារៈចាំបាច់មួយចំនួនដូចជា ឧបករណ៍សង្រ្គោះបឋម សម្លៀកបំពាក់ ភួយ និងឧបករណ៍កម្តៅសម្រាប់មនុស្សគ្មានផ្ទះសម្បែងទៅកាន់ប្រទេសអាស៊ែបៃហ្សស្តង់កាលពីសប្តាហ៍មុន។

កាសែតនេះបាននិយាយថា កាលពីដើមខែតុលា ប្រទេសអ៊ីស្រាអែលក៏បានស្នើផ្តល់ជំនួយដល់ប្រទេសអារមេនីដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុង Yerevan បានបរាជ័យក្នុងការឆ្លើយតបទៅនឹងសំណើនេះ។

ក្រសួងការបរទេសអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយណាមួយអំពីព័ត៌មាននេះនៅឡើយទេ។

កាលពីដើមខែតុលា អ្នកនាំពាក្យក្រសួងការបរទេសអារមេនី លោកស្រី Anna Naghdalyan បាននិយាយថា ទីក្រុង Yerevan កំពុងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែលដើម្បីពិគ្រោះយោបល់ស្តីពីការផ្គត់ផ្គង់អាវុធដោយប្រទេសនេះទៅឱ្យអាស៊ែបៃហ្សង់។

ការប្រយុទ្ធគ្នានៅលើខ្សែនៃទំនាក់ទំនងនៅក្នុងសាធារណរដ្ឋ ណាហ្កោណូ – ការ៉ាបាក់ បានកើនឡើងកាន់តែខ្លាំងឡើងៗកាលពីថ្ងៃទី ២៧ ខែកញ្ញា។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការចាប់ផ្តើមការបាញ់ប្រហារនេះ។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងចំពោះការកើនឡើងនេះ និងបានអំពាវនាវឱ្យភាគីនានាដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនាគ្នា ខណៈដែលប្រទេសតួកគីបានសន្យាគាំទ្រពេញទំហឹងចំពោះអាស៊ែបៃហ្សង់។

ទីក្រុង Yerevan និងទីក្រុង Baku បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាចំនួន ២ ប៉ុន្តែកិច្ចព្រមព្រៀងទាំងពីរបានបរាជ័យវិញភ្លាមៗបន្ទាប់ពីចូលជាធរមាន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner