កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានបូក ៣ ព្រមព្រៀងគ្នាពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ

អត្ថបទដោយ៖
AMS

AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — បណ្តារដ្ឋមន្រ្តីវប្បធម៌នៃប្រទេសអាស៊ានបូក ៣ ដែលរួមមានប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងប្រទេចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ បានព្រមព្រៀងគ្នាទៅលើការពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈពហុភាគី បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំពីរឆ្នាំម្តងថ្នាក់រដ្ឋមន្រ្តីវប្បធម៌អាស៊ានបូក ៣ លើកទី ៩ ដែលបានប្រព្រឹត្តទៅក្នុងទម្រង់និម្មិត្តកាលពីថ្ងៃទី ២២ ខែតុលា។

កិច្ចប្រជុំដែលធ្វើឡើងពីរឆ្នាំម្តងនេះ ត្រូវបានគេគ្រោងធ្វើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅដើមឆ្នាំនេះ ប៉ុន្តែនៅទីបំផុតវាត្រូវបានគេធ្វើឡើងតាមប្រព័ន្ធអនឡាញដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។

រដ្ឋមន្រ្តីវប្បធម៌ទាំង ១៣រូប បានចែករំលែកទស្សនៈថា ការផ្លាស់ប្តូរ និងសហប្រតិបត្តិការអន្តរជាតិគួរតែមាននិរន្តរភាពនៅក្នុងវិស័យវប្បធម៌ និងសិល្បៈ ដោយមិនគិតពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសនោះទេ។

កិច្ចប្រជុំរដ្ឋមន្រ្តីវប្បធម៌អាស៊ាន – កូរ៉េខាងត្បូង លើកទី ៤ ក៏ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញផងដែរនៅខាងក្រៅព្រឹត្តិការណ៍នេះ។

នៅឯកិច្ចប្រជុំអាស៊ាន – កូរ៉េខាងត្បូង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង លោក Park Yang-woo បានស្នើឱ្យមានការបង្កើតអង្គការសហប្រតិបត្តិការទ្វេភាគីលើវិស័យសិល្បៈចក្ខុ និងអង្គការសហប្រតិបត្តិការបេតិកភ័ណ្ឌវប្បធម៌រវាងភាគីទាំងពីរ។ ជាការឆ្លើយតប អាស៊ានបានយល់ព្រមធ្វើកិច្ចពិភាក្សាបន្ត ស្តីពីការបង្កើតអង្គភាពសហប្រតិបត្តិការថ្មីទាំងពីរនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner