ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញធ្យូងថ្មដែលមិនទាន់កែច្នៃ

AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានចេញបទបញ្ជាឱ្យគណៈរដ្ឋមន្រ្តីរបស់លោកកំណត់គោលដៅកាត់បន្ថយការនាំចេញធ្យូងថ្មដែលមិនទាន់កែច្នៃ និងពន្លឿនផែនការអភិវឌ្ឍឧស្សាហកម្មនិស្សន្ទវត្ថុសម្រាប់កែច្នៃប្រេងឥន្ធនៈនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ។

ប្រធានាធិបតីរូបនេះបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មកំដៅធំជាងគេក្នុងពិភពលោកគួរតែអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកឱ្យបានឆាប់រហ័ស ដើម្បីធ្វើឱ្យធ្យូងថ្មរបស់ខ្លួនមានភាពប្រសើរឡើង និងកែច្នៃវាឱ្យទៅជារាវ និងឱ្យទៅជាឧស្ម័ន ដោយលោកបានជំរុញឱ្យបណ្តារដ្ឋមន្រ្តីនានាកំណត់បរិមាណនៃទិន្នផលដែលអាចត្រូវបានប្រើប្រាស់សម្រាប់ដំណើរការកែច្នៃបែបនេះ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលបំណងដើម្បីជំនួសផ្នែកខ្លះនៃការនាំចូលឧស្ម័នឥន្ធនៈរាវ (LPG) ដែលប្រើប្រាស់ដោយប្រជាជនឥណ្ឌូណេស៊ីជាប្រេងឥន្ធនៈប្រភេទ DME ដែលផលិតចេញពីធ្យូងថ្ម។

លោក វីដូដូ ក៏បានស្នើឱ្យគណៈរដ្ឋមន្ត្រីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់បង្កើនប្រសិទ្ធភាពធ្យូងថ្មដើម្បីជំរុញការអភិវឌ្ឍវិស័យធ្យូងថ្មក្នុងស្រុក ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។

ប្រទេសឥណ្ឌូណេស៊ីបានព្យាយាមស្វែងរកគុណតម្លៃបន្ថែមទៀតពីធនធានរ៉ែដ៏សម្បូរបែបរបស់ខ្លួន រាប់ចាប់ពីរ៉ែទង់ដែងរហូតដល់រ៉ែនីកែល ដោយកែច្នៃវត្ថុធាតុដើមទាំងនោះនៅក្នុងប្រទេសខ្លួន។

ក្រុមហ៊ុនរុករករ៉ែធ្យូងថ្ម PT Bukit Asam ដែលគ្រប់គ្រងដោយរដ្ឋ កំពុងសាងសង់រោងចក្រផលិតឧស្ម័នធ្យូងថ្មដែលគ្រោងនឹងផលិតប្រេងឥន្ធនៈប្រភេទ DME ឱ្យបានចំនួន ១,៤លានតោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៥ ទៅ។

ប្រទេសឥណ្ឌូណេស៊ីបានផលិតធ្យូងថ្មចំនួន ៦១០លានតោនកាលពីឆ្នាំមុន និងបានកំណត់គោលដៅចំនួន ៥៥០លានតោននៅក្នុងឆ្នាំ ២០២០។ ធ្យូងថ្មភាគច្រើនរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបាននាំចេញ ហើយចំនួនដែលនៅសល់ត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងការផលិតថាមពល។

យោងតាមអគ្គនាយកដ្ឋានរ៉ែ និងធ្យូងថ្ម នៃក្រសួងថាមពល និងធនធានរ៉ែនៃប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ការផលិតធ្យូងថ្មរបស់ឥណ្ឌូណេស៊ីបានឈានដល់ចំនួន ៣៧០លានតោនក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ឬស្មើនឹង ៦៧,៣ភាគរយនៃផែនការប្រចាំឆ្នាំ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner