គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ​ វាយប្រហារខេត្តជ្វាខាងលិចនៃប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័របានវាយប្រហារនៅភាគនិរតីនៃស្រុក Pangandaran ក្នុងខេត្តជ្វាភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។

យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្រ្ត (BMKG) ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាបានឱ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីស្រុក Pangandaran ហើយមានជម្រៅ ១០គីឡូម៉ែត្រ។

កាលពីថ្ងៃទី ១៩ ខែតុលា មានគ្រោះរញ្ជួយដីពីរលើកជាប់គ្នាដែលមានកម្រិត ៥,៧រ៉ិចទ័រ និង ៥,៨រ៉ិចទ័រ បានវាយប្រហារនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ គ្រោះរញ្ជួយដីតែងតែកើតឡើងជារឿយៗនៅតាមផ្នែកផ្សេងៗនៃប្រទេសឥណ្ឌូណេស៊ី ដោយសារតែប្រទេសនេះស្ថិតនៅលើខ្សែក្រវាត់ Circum – Pacific ដែលត្រូវបានគេស្គាល់ផងដែរថា ជាចិញ្ចៀនភ្លើងដែលជាកន្លែងជួបគ្នានៃបន្ទះរចិតវិវត្តន៍ជាច្រើន និងបណ្តាលឱ្យមានសកម្មភាពបន្ទុះភ្នំភ្លើង និងរញ្ជួយជាញឹកញាប់។

គ្រោះរញ្ជួយដីដែលមានគ្រោះថ្នាក់បំផុតមួយនៅឥណ្ឌូណេស៊ីដែលបានកើតឡើងក្នុងរយៈពេលពីរឆ្នាំមុន គឺការរញ្ជួយមួយដែលបានវាយប្រហារតំបន់ជាច្រើននៃខេត្ត Sulawesi។

គ្រោះរញ្ជួយដីដែលមានកម្លាំង ៧,៤រ៉ិចចទ័រដែលកើតឡើងបន្ទាប់ពីមានរលកយក្សស៊ូណាមិដែលបានវាយប្រហារតំបន់មួយចំនួននៃទីក្រុង Palu និងស្រុក Donggala ស្រុក Paringi និងស្រុក Sigi កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២.១០២នាក់ និងរងរបួសចំនួន ៤.៦១២នាក់ ព្រមទាំងបាត់ខ្លួនចំនួន ៦៨០នាក់ផ្សេងទៀត។

កាលពីមុន នៅក្នុងឆ្នាំ ២០០៤ មានគ្រោះរញ្ជួយដីកម្រិត ៩,១រ៉ិចទ័របានបោកបក់ឆ្នេរសមុទ្រស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី និងបានបណ្តាលឱ្យមានរលកយក្សស៊ូណាមិឆ្លងកាត់មហាសមុទ្រឥណ្ឌាដែលបានសម្លាប់មនុស្សចំនួន ២២០.០០០នាក់ ដោយក្នុងនោះមានប្រមាណជា ១៧០.០០០នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner