មន្ទីរសារធារណៈការ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់, មន្ទីរអភិវឌ្ឍន៍ជនបទ, និងមន្ទីរធនធានទឹក នៃខេត្តស្វាយរៀង ត្រូវសហការគ្នាឲ្យល្អក្នុងការជំរុញជួយដល់ប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ១១អង្គភាព ដែលជាកម្លាំងអន្តរាគមជួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅខេត្តស្វាយរៀង នារសៀល ថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវខ្ញុំក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួបនិងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ។

លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពុំបានទុក្ខប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួន នៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសាជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រួមជាមួយគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់កម្មករ កម្មការិនី ជាដើម ។ល។

លើសពីនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងសុវត្ថិភាព ៖

១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះដែលអាចកើតឡើងជាយថាហេតុ។
២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ការពារនូវជំងឺកូវី១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
៤. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

ជាពិសេស លោកជំទាវក៏បានជំរុញឲ្យ មន្ទីរជំនាញទាំង ៤ រួមមាន មន្ទីរសារធារណៈការនិងដឹកជញ្ជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរធនធានទឹក និងឧត្តុនិយម ត្រូវសហការគ្នាឲ្យល្អក្នុងការជម្រុញជួយដល់ប្រជាពលរដ្ឋក្នុងការផ្តល់គ្រាប់ពូជ និងហេដ្ឋរចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះ ក៏ដូចជាការចូលរួមចំណែក តាមរយៈ លោកជំទាវ និងថ្លែងអំណរគុណអាជ្ញាធរខេត្តស្វាយរៀង កម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

អំណោយសម្រាប់ ៥២គ្រួសារដែលទទួលបាននាពេលនេះ រួមមាន មួយគ្រួសារ ទទួលបាន អង្ករ ក្រណាត់កៅស៊ូតង់ ធុងទឹកជ័រ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ កន្ទេលបត់ ឃីត និងថវិកា៥ម៉ឺនរៀល ។ ចំណែកឯ អង្គភាពទាំង ១១ ទទួលបាន មី អង្ករ ទឹកដោះគោ និងទឹកសុទ្ធ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner