សម្តេចតេជោធុញទ្រាន់ជាខ្លាំងលើការរិះគន់បញ្ហាសាងសង់អគារខ្ពស់ៗ តែសម្តេចជម្នះនៅតែឱ្យធ្វើ

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានភាពធុញទ្រាន់ជាខ្លាំង លើការរិះគន់បញ្ហាសាងសង់អគារខ្ពស់ៗ តែសម្តេចជម្នះឱ្យធ្វើ រហូតមានការអភិវឌ្ឍរីកដុះដាលមកដល់សព្វថ្ងៃនេះ ដែលធ្វើឱ្យកម្ពុជាមានអគារល្អប្រណិត ប្លែកៗមិនចាញ់បណ្តាប្រទេសជិតខាងឡើយ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ ពីកោះនរាទៅទីក្រុងរណបកោះពេជ្រ  និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា សម្តេចធុញទ្រាន់ជាខ្លាំង ចំពោះក្រុមមួយចំនួនដែលមិនចង់ឱ្យ មានអគារខ្ពស់ជាងគណៈរដ្ឋមន្ត្រី ឬខ្ពស់ជាងសំណង់ប្រវត្តិសាស្ត្រផ្សេងៗ ដូចជាខ្ពស់ជាងវត្តភ្នំ ខ្ពស់ជាងព្រះសក្យមុនីចេតិយជាដើម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែធុញទ្រាន់បែបនេះ កាលពីអំឡុងឆ្នាំ២០០៤ ទើបសម្តេចប្រកាសថា នរណាសាងសង់បានខ្ពស់ជាងគេគឺសម្តេចប្រគល់មេដាយ។ 

សម្តេច​បញ្ជាក់ថា​ «ទីក្រុងមួយគេត្រូវការនូវអគារខ្ពស់ៗ ហើយយើងនៅតែមានអគារ៧ជាន់ហ្នឹងអី កាលពីមុនយើងមានអគារ៧ជាន់ហ្នឹងតែមួយទេ តើអ៊ីចឹងយើងត្រូវទុកតែ៧ជាន់ហ្នឹងឬយ៉ាងម៉េច? ក្នុងអំណាចខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវតែទទួលខុសត្រូវ ដូច្នេះខ្ញុំប្រកាសយកតែម្ដង ថានរណាធ្វើបានខ្ពស់ជាងគេ គឺខ្ញុំនឹងអោយមេដាយពាក់។ ព្រោះពេលនោះសូម្បីតែណាហ្គាវើល កុំអីគេធ្វើខ្ពស់ណាស់ ក៏ប៉ុន្តែពេលនោះ គេធ្វើខ្ពស់ហើយ កាត់របស់គេចុះទៀត ហើយមួយទៀត សណ្ឋាគារសាន់វ៉េឡើងទៅ កាត់របស់គេចោលទៀតថាកុំឱ្យខ្ពស់ជាងវត្តភ្នំ អ៊ីចឹងគឺថាដូចជាជ្រុលពេក។ ប៉ុន្តែដល់ឥឡូវមានអីទីក្រុងរបស់យើងមានអាខ្ពស់ៗ ឧទ្ធម្ភាគចក្ររបស់ខ្ញុំពីដើម ខ្ញុំហោះតែប៉ុន្មានម៉ែត្រពីលើ ប៉ុន្តែឥឡូវនេះខ្ញុំមិនហ៊ានឆ្លងកាត់ភ្នំពេញទេ ហោះក៏ត្រូវរកផ្លូវវាងហោះដែរ ព្រោះខ្លាចបុកអគារ ព្រោះអគារយើងខ្ពស់ៗ។ ឥឡូវនេះយើងមានអគារតាមបែបនេះ អ៊ីចឹងទេទីក្រុងរបស់យើងបានរីកទាំងទំហំ និងរីកទាំងជម្រៅរបស់វា បានសេចក្តីថា ពីដើមមានដីមួយហិកតា មានត្រឹមតែ២ពាន់ទៅ៥ពាន់ម៉ែត្រការ៉េសំណង់ តែឥឡូវដីមួយហិកតាដដែលសំណង់មានដល់ទៅ១ម៉ឺនទៅ៤ឬ៥ម៉ឺនម៉ែត្រក្រឡា នេះបានហៅថាជាការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។  

យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ត្រឹមឆមាសទី១ឆ្នាំ២០២០ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០០៥ ដល់ខែមិថុនាឆ្នាំ២០២០ មានចំនួន១៩៤៥អគារ ក្នុងនោះអគារខ្ពស់ចាប់ពី០៥ជាន់ ដល់៣៩ជាន់មានចំនួន១៨៩៩អគារ និងអគារខ្ពស់ចាប់ពី៤០ជាន់ឡើងទៅ មានចំនួន៤៦អគារ។ ដោយឡែកអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅខេត្តព្រះសីហនុ មានចំនួនសរុប៣៤៦អគារ៕                                                                                      

ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner