ក្រសួងកិច្ចការនារី និងក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ពង្រឹងភាពជាដៃគូលើការលើក​កម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី

អត្ថបទដោយ៖
AMS

ក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាស្តីពី «ភាពជាដៃគូលើការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី» ដើម្បីរៀបចំផែនការរួមផ្តល់វគ្គបណ្តុះបណ្តាល អភិវឌ្ឍន៍សហគិ្រនភាពរបស់ស្ត្រី ជាពិសេសអ្នកតំណាងចែកចាយផលិតផល និងការគាំទ្រនានាដល់ស្រ្តី ជាម្ចាស់អាជីវកម្ម ខ្នាតតូច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្រាប់ការចុះអនុស្សរណៈនេះ ភាគីទាំងពីរបានប្រកាសពីឆន្ទៈយ៉ាងច្បាស់ ក្នុង​ការ​​បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងជំរុញឱ្យស្រ្តី​ប្រើ​ប្រាស់សក្តានុពលរបស់ខ្លួនឱ្យអស់លទ្ធភាព ក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ច-សង្គម​ជាតិប្រកបដោយបរិយាប័ន្ន។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី«ភាពជាដៃគូលើការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី» នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកិច្ចការនារី លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិ​ការ​ក្រសួង​កិច្ចការនារីបានមានប្រសាសន៍ថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ការលើក​កម្ពស់​ភាព​ជាអ្នកដឹកនាំ និងសហគ្រិនភាពគឺជាយុទ្ធសាស្រ្ដគន្លឹះធំពីរនៃក្របខ័ណ្ឌ​ការងារ​បង្កើនភាពអង់អាចក្លាហានដល់ស្រី​និងក្មេងស្រី ក្នុងគោលដៅដើម្បីឈានទៅលុបបំបាត់​គម្លាតយេនឌ័រនៅកម្ពុជា ជាពិសេសដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្ដចតុកោណ​ដំណាក់​កាលទី៤ នៃផែនការជាតិ និងអភិវឌ្ឍន៍យុទ្ធសាស្រ្ដផែនការយុទ្ធសាស្រ្ដនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣។ លោកជំទាវបានបន្ថែមថា កិច្ចសហការគ្នានេះគឺជារូបមន្ដ និងសក្ដានុ​ពល​​ថ្មីមួយទៀត ក្នុងការពង្រីកដៃគូ សម្រាប់លើកកម្ពស់សមភាពយេនឌ័រ ជាពិសេសក្នុង​វិស័យ​សេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការគាំទ្របរិយាកាស​ការ​ងារ សម្រាប់ស្រ្ដីក្នុងវិស័យឯកជន។

លោកស្រី ឡាវ ស្រីដែត នាយិកាផ្នែកពាណិជ្ជកម្មប្រចាំប្រទេសរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានគូសបញ្ជាក់ថា “នៅក្រុមហ៊ុនកូកា-កូឡាកម្ពុជា យើងបានកំណត់​គោល​ដៅ​ជាក់លាក់នៅក្នុងចក្ខុវិស័យ២០២០-២០២៥ គឺត្រូវអនុវត្តន៍គ្រប់យុទ្ធសាស្ត្រដើម្បីឱ្យ​មាន​បុគ្គលិកជាស្ត្រី ៥០ភាគរយ នៃចំនួនបុគ្គលិកសរុបនៅត្រឹមឆ្នាំ២០២៥”។ លោកស្រី​បានបន្ដថា ពិពិធភាព និងបរិយាប័ន្នរវាងស្ត្រី និងបុរសនៅក្នុងក្រុមហ៊ុន នឹងជំរុញឱ្យ​មាន​ភាព​ច្នៃប្រឌិត នវានុវត្តន៍ ការជជែកគាំទ្រនៅក្នុងក្រុមហ៊ុន ក៏ដូចជាផ្សាភ្ជាប់អាជីវកម្ម​យើង​ទៅក្នុងសហគន៍ដែលយើងប្រតិបត្តិការ។ លោកស្រីបានបញ្ជាក់បន្ថែមថា “ការចុះអនុស្ស​រណៈនាថ្ងៃនេះ មិនមែនជាការចាប់ផ្តើមកិច្ចសហការលើកដំបូងរវាងក្រសួងកិច្ចការនារី និង​ក្រុម​ហ៊ុនកូកា-កូឡានោះទេ តែថ្ងៃនេះគឺសក្ខីភាពនៃការរឹតចំណងកិច្ចសហប្រតិបត្តិ​ការ​របស់ពួកយើង និងជាការបញ្ជាក់អំពីការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជ​រដ្ឋាភិ​បាលលើការបង្កើនភាពអង់អាចដល់ស្រ្តី”។

គួរបញ្ជាក់ផងដែរថា តាមរយៈខ្លឹមសារនៃអនុស្សរណៈនេះ ភាគីទាំងពីរនឹងធ្វើ​កិច្ច​សហប្រតិបត្តិការលើការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តី ដែលជាថ្នាក់ដឹកនាំ និង​បង្កើនចំនួនបុគ្គលិកជាស្រ្តីក្នុងក្រុមហ៊ុនកូកា-កូឡា ដើម្បីឈានទៅសម្រេចគោលដៅ ៥០-៥០ភាគរយ នៅឆ្នាំត្រឹម២០២៥។ អភិវឌ្ឍន៍សហគិ្រនភាពរបស់ស្ត្រី ជាពិសេសអ្នក​តំណាង​ចែកចាយផលិតផល រៀបចំផែនការរួម ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល និងការគាំទ្រ​នានា​ដល់ស្រ្តី ជាម្ចាស់អាជីវកម្មខ្នាតតូច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លើសពីនេះទៀត អនុស្សរណៈនេះក៏អនុវត្តន៍គម្រោងគាំទ្រដល់អាជីវករខ្នាតតូច ជាពិសេសអ្នកលក់ដូរ​តាម​ដងផ្លូវក្នុងការបង្កើន​គុណភាពចំណីអាហារ អនាម័យ និងអភិវឌ្ឍន៍អាជីវកម្ម។

លោកជំទាវ គង់ សូរីតា បានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកា-កូឡាកម្ពុជានេះសបញ្ជាក់ពីការសហការយ៉ាងស្អិតរមួត​រវាងវិស័យ​សាធា រណៈ ជាមួយនឹងវិស័យឯកជន រួមចំណែកផ្តល់ការលើកកម្ពស់ភាពអង់អាចផ្នែក​សេដ្ឋកិច្ច ដល់ស្ត្រី រួមបញ្ចូលទាំងបណ្តុះស្មារតីជាសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ស្របតាម ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner