ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិផ្សាយព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ឱ្យបានទូលាយ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅតែបន្តជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ផ្សាយព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ឱ្យបានទូលាយ ដើម្បីផ្តល់ព័ត៌មានពិតនិងទាន់ហេតុការណ៍ដល់ប្រជាពលរដ្ឋ ។

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឱ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិទាំងអស់ ធ្វើការផ្សាយឱ្យបានទូលាយនូវគោលការណ៍របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការចែកជូនស្រូវពូជដល់ប្រជាកសិករ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីទុកត្រៀម នៅពេលពេលទឹកស្រកអស់ ឆាប់បានធ្វើការដំាដុះឡើងវិញ។ ជាមួយគ្នានេះដែរ ឯកឧត្តម  ក៏បានឱ្យបណ្តាប្រពន្ធ័ផ្សាយរបស់ជាតិនៅតាមបណ្តាមន្ទីរ ព័ត៌មាន  ត្រូវត្រៀមលក្ខណៈធ្វើការថតផ្សាយ ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអុំបុក  បើសិនជាខេត្តនោះបានធ្វើ ដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ ហើយសម្រាប់នៅរាជធានីភ្នំពេញ មិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកទេឆ្នាំនេះ តែក៏មានការបាញ់កាំជ្រួច អបអរសាទរ ដែលពិធីនេះ ទូរទស្សន៍ជាតិ ត្រូវធ្វើការថតផ្សាយផ្សាល់ពីការបាញ់កាំជ្រួចនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រុមថតតាមប្រពន្ធ័ LiveYou ទូរទស្សន៍ជាតិកម្ពុជា ថតផ្សាយបន្តផ្ទាល់នូវរាល់ព្រឹត្តការណ៍សំខាន់ៗ ទាន់ហេតុការណ៍របស់ជាតិ ជាពិសេសនៅ ក្នុងពេលគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលកើតមានឡើងតាមបណ្តាខេត្តមួយចំនួនក្នុងរយៈពេលកន្លងមកនេះ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចុះទៅជួប និងចែកអំណោយដោយផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ លិចលង់ផ្ទះសំបែង ផលដំណាំ អស់ជាច្រើន។ ចំពោះការបង្ហោះដ្រូនថតទិដ្ឋភាពពីលើអាកាសក៏បានល្អដែរ ហើយជាមួយនេះ ក៏ត្រូវថតជារូបភាព ហ្វូតូហ្វិក ដើម្បីទុកយកមកចុះផ្សាយនៅទស្សនាវដ្តីកម្ពុជា និងប្រពន្ធ័ផ្សាយនានា ព្រោះរូបភាពដែលបានថត ពីលើនោះក៏ជាប្រភេទ 4K ច្បាស់ល្អ។ 

បន្ថែមពីនេះ ឯកឧត្តម បានសំដែងនូវការកោតសរសើរចំពោះលទ្ធផលការងារទាំងឡាយរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងរួមសហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ ។ ដូច្នេះអ្វីដែលសំខាន់បន្តទៅមុខទៀត គឺការរួមសហការសាមគ្គីគ្នាឱ្យបានកាន់តែជិតស្និតដើម្បីបំពេញបេសកកម្មការងារចំពោះមុខជាច្រើនទៀត ដែលក្រសួងព័ត៌មានត្រៀមបំពេញឱ្យបានកាន់តែល្អប្រសើរ៕​  


ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner