អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញភារកិច្ចថ្មីៗ ដល់សមាគមន៍អតតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ អនុប្រធានសមាគមន៍ អតីតយុទ្ធជន ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៦តុលាឆ្នាំ២០២០ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

ពិធីនោះទៀត បានអញ្ជើញចូលរួម ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ,មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ,ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងកងកម្លាំងទាំង៣ ប្រមាណ ១០០នាក់។

នៅក្នុងពិធីនេះ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តស្ទឹងត្រែង បានប្រកាសទទួលស្គាល់ អនុប្រធានគណៈកម្មាធិការ និងជាអនុប្រធានគណៈអចិន្ត្រៃ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តស្ទឹងត្រែង ចំនួន ៣រូប គឺលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដែលជាស្នងការនគរបាលខេត្ត, លោក ហ៊ាង ប៉ូលី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង លោក អ៊ុង សូវៀត ដែលជាប្រធានមន្ទីរសុខាភិបាលខេត្ត។ ចំណែក លោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានតែងតាំងជា ប្រធានកិត្តិយសគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជន ស្រុកបុរីអូរស្វាយសែនជ័យ, លោកវរៈសេនីយ៍ត្រី ហៀក សុខសេរី ជាប្រធានសមាគមន៍ ,លោកវរៈសេនីយ៍ត្រី ប៊ុន ឌឿន ជាអនុប្រធាន និង លោកវរៈសេនីយ៍ត្រី ហេង ណាន ជាអនុប្រធានសមាគមន៍ស្រុកបុរីអូរស្វាយសែនជ័យ ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ លើកឡើងពីគុណតម្លៃក្នុងការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីអតីតយុទ្ធជន ចាប់តាំងពីថ្ងៃបង្កើតសមាគន៍ខេត្ត រហូតមកដល់ពេលនេះ មានមន្ត្រីគណៈកម្មាធិការសមាគមន៍ខេត្ត ក្រុង ស្រុកមួយចំនួនបានយល់ និងចូលរួមក្នុងការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីអតីតយុទ្ធជន តែក៏នៅមានមន្ត្រីមួយចំនួនមិនទាន់យល់ និងមិនទាន់បានចូលរួមអនុវត្តនៅឡើយ។

លោកឧត្តមសេនីយ៍ បានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន របស់សមាគមន៍ ដោយក្នុងនោះ អតីតយុទ្ធជន មានអាយុចាស់ច្រើន សុខភាពទ្រុឌទ្រោម ហើយអ្នកស្លាប់មានការកើនឡើង រីឯសមាជិកសមាគមន៍តិច ថវិកាក៏តិច និងបើកជូនអតីតយុទ្ធជនមិនទាន់បានគ្រប់គ្រាប់តាមតម្រូវការជាក់ស្តែង និងនៅកន្លងមកសមាគមន៍មិនមានដីសម្រាប់បែងចែកជូនអតីតយុទ្ធជននោះទេ ប៉ុន្តែ នៅក្នុងឆ្នាំ២០២០នេះ ទើបនឹងចាប់ផ្តើម ដោយសារថ្នាក់ដឹកនាំខេត្ត និងសមាគមន៍បានឯកភាពគ្នា រៀបចំឲ្យមានដីធ្លីសម្រាប់អតីតយុទ្ធជន និងខ្វះថវិកាបម្រុងទុកសម្រាប់បើកជូនអតីតយុទ្ធជនជាដើម។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានស្នើដល់លោកអភិបាលខេត្ត ជួយផ្តល់ដីសម្រាប់សង់លំនៅដ្ឋានជូនអតីតយុទ្ធជន ការឈូសឆាយដីជំហាន២ និងមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចូលទន្ទ្រានកាន់កាប់ដីកងទ័ព «ដីសង្គមកិច្ច» ហើយបានប្តឹងទៅថ្នាក់ជាតិ ថាកងទ័ពទន្ទ្រានដីរបស់ពួកគាត់ទៅវិញ ដូច្នេះ មានតែអាជ្ញាធរខេត្តទេ ដែលអាចដោះស្រាយបញ្ហាដីធ្លីនេះបាន។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាស្ថាបនិក សមាគមន៍អតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រមទាំងបានជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ការពង្រឹងតួនាទីរបស់អតីតយុទ្ធជន ឲ្យសក្តិសមនឹងគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ជាមួយគ្នានេះក្នុងរយះកាលកន្លងមក សម្តេចតេជោ បានផ្តល់នូវការឧបត្ថម្ភគាំទ្រជាច្រើន ដូចជាការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយះសមាគមន៍អតីតយុទ្ធជនជាតិជាច្រើនខ្នង នៅក្នុងមូលដ្ឋានមួយចំនួន និងការផ្តល់អំណោយសប្បុរសធម៌ ដល់អតីតយុទ្ធជនផងដែរ។

លោក ម៉ុម សារឿន  បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមន៍អតីតយុទ្ធជនខេត្ត នាពេលកន្លងមក ដែលបានពង្រឹងប្រសិទ្ធភាព និងស័ក្តសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំការងារអតីតយុទ្ធជនខេត្ត ឲ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបានទាន់ពេលវេលា ចំពោះបញ្ហានានា ដល់គ្រួសារអតីតយុទ្ធជនកម្ពុជា ។

ដូច្នេះ សមាគមន៍ត្រូវបន្តយកចិត្តទុកដាក់គិតគូ គាំទ្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនឲ្យបានល្អជាងនេះ និងលោកបានដាកចេញ នូវភារកិច្ចថ្មីៗជាច្រើនទៀត ដល់សមាគមន៍សម្រាប់បន្តយន្តការដឹកនាំ និងគ្រប់គ្រងឲ្យបានកាន់តែល្អប្រសើរជាងនេះថែមទៀត ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល៕ ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner