ប្រទេសសឹង្ហបុរីសាកល្បងការនាំចូលអគ្គិសនីពីប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២៦ ខែតុលា អាជ្ញាធរទីផ្សារថាមពល (EMA) របស់ប្រទេសសឹង្ហបុរីបាននិយាយថា ទីក្រុងរបស់ប្រទេសនេះនឹងនាំចូលអគ្គិសនីពីប្រទេសម៉ាឡេស៊ីក្រោមគម្រោងសាកល្បងរយៈពេល ២ឆ្នាំចាប់ពីចុងឆ្នាំ ២០២១ ។

នៅក្នុងការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយខ្លួន EMA បាននិយាយថា គម្រោងសាកល្បងនេះមានគោលបំណងដើម្បីវាយតម្លៃ និងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិសម្រាប់ការនាំចូលអគ្គិសនីចូលទៅក្នុងប្រទេសសឹង្ហបុរី ហើយវានឹងជួយសម្រួលដល់ការនាំចូលទ្រង់ទ្រាយធំពីក្នុងតំបន់នាពេលអនាគត។

EMA បាននិយាយថា «ដើម្បីឆ្លើយតបតាមការប្តេជ្ញាចិត្តនៃការប្រែប្រួលអាកាសធាតុរបស់យើង វាជាការចាំបាច់ត្រូវផ្លាស់ប្តូររបៀបដែលប្រទេសសឹង្ហបុរីផលិត និងប្រើប្រាស់ថាមពល។ ការប្រើបណ្តាញអគ្គិសនីក្នុងតំបន់សម្រាប់ធនធានថាមពលស្អាត គឺជាយុទ្ធសាស្ត្រមួយដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពលរបស់ប្រទេសសឹង្ហបុរី»។

នៅក្នុងសុន្ទរកថាដ៏សំខាន់មួយដែលត្រូវបានថ្លែងក្នុងពិធីបើកកម្មវិធីសប្តាហ៍ថាមពលអន្តរជាតិសឹង្ហបុរី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Chan Chun Sing បាននិយាយថា ការអនុវត្តនេះ គឺជាផ្នែកមួយនៃផែនការរបស់ប្រទេសសឹង្ហបុរីក្នុងការពង្រឹង «ស្ថាបត្យកម្មបណ្តាញអគ្គិសនីក្នុងតំបន់»។

ប្រទេសនេះនឹងចាប់ផ្តើមដំណើរការនៃការនាំចូលអគ្គិសនី ១០០មេហ្គាវ៉ាត់សម្រាប់រយៈពេលសាកល្បង ២ឆ្នាំ ដើម្បីពិនិត្យមើលថា តើទីផ្សារដំណើរការយ៉ាងដូចម្តេច។

EMA គ្រោងនឹងចេញសំណើសុំនៅខែមីនាឆ្នាំក្រោយសម្រាប់ការនាំចូលអគ្គិសនី ១០០មេហ្គាវ៉ាត់ ដែលនឹងកើនឡើងប្រមាណ ១,៥ភាគរយនៃតម្រូវការអគ្គិសនីខ្ពស់បំផុតរបស់សឹង្ហបុរី។

អាជ្ញាធរនេះបាននិយាយថា ក្រោមការស្នើសុំនេះ ការនាំចូលអគ្គិសនីអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២១ ។ អ្នកនាំចូលនឹងត្រូវបានជ្រើសរើសតាមរយៈដំណើរការជ្រើសរើសដោយបើកចំហ និងប្រកួតប្រជែង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner