​សហរដ្ឋអាមេរិក​ប្រកាស​លក់​អាវុធ​តម្លៃ​ជិត​២​.​៤​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យកោះតៃ​វ៉ាន់​ ​ក្រោយ​ចិន​ទើប​ប្រកាស​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ធំ​ៗ​របស់​ខ្លួន

អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ជូនដំណឹង​ដល់​សភា​ ​អំពី​ផែនការ​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ ​Harpoon​ ​ក្នុង​តម្លៃ​ជិត​២​.​៤​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះ​តៃ​វ៉ាន់​ ​ខណៈ​ប្រការ​នេះ​ ​កាន់តែ​ធ្វើ​ឱ្យ​ចិន​ខឹងសម្បា​រ​ជា​ខ្លាំង​ ​បន្ទាប់ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ទើប​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ឱ្យ​ទីក្រុង​តៃ​ប៉ិ​កាលពី​ស​ប្តាហ៍​មុន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ការប្រកាស​ខាងលើ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​សម្រេច​ថា​ ​នឹង​ចាត់វិធានការ​ចាំបាច់​ ​ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ ​ដែល​ចូលរួម​ពាក់ព័ន្ធ​ក្នុង​កា​រលក់​អាវុធ​របស់​សហរដ្ឋអាមេរិក​ឲ្យទៅ​កោះ​តៃ​វ៉ាន់​ ​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​ ​Lock​heed​ ​Mart​in​, Bo​e​in​g​ ​Defense​ ​និង​ ​Ray​t​h​e​on ​។​


​ទោះជាយ៉ាងណា​ ​ក្រសួងការបរទេស​អាមេរិក​បាន​គូស​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នៅតែ​រក្សា​ការ​យកចិត្តទុកដាក់​ចំពោះ​សន្តិភាព​ ​និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​និង​ចាត់​ទុក​សន្តិសុខ​របស់​កោះ​តៃ​វ៉ាន់​ជា​ចំណុច​ស្នូល​នៃ​សន្តិសុខ​ ​និង​ស្ថិរភាព​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ី​ហ្វិ​ច​ ​។​ ​ក្រសួងការបរទេស​អាមេរិក​ក៏បាន​អះអាង​ដែរ​ថា​ ​កា​រលក់​អាវុធ​នេះ​ ​នឹង​មិន​ផ្លាស់ប្តូរ​តុល្យភាព​យោធា​នៅ​ក្នុង​តំបន់​ឡើយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner