អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះលាងសម្អាតភូមិដ្ឋានប្រជាពលរដ្ឋ ក្រោយរងនូវការជន់លិច

 ភ្នំពេញ៖ ក្រោយពីមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មី ក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរី។

ឯកឧត្តម ឃួង ស្រេង ដឹកនាំបញ្ជាដោយផ្ទាល់នៅក្នុងបុរីត្រពាំងថ្លឹងគម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំងកងទាហាន កងនគរបាល បានរួមគ្នាលាងសំអាតភូមិដ្ឋាន ដើម្បីឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅដ្ឋានរបស់ពួកគាត់ រយៈពេលជាង១០ថ្ងៃ។​

កាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមផ្លូវ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមផ្លូវ នៅក្នុងបុរីឲ្យបានស្អាត នឹងការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តម បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មី គម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាត និងស្ដារឡើងវិញនូវភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់។

ឯកឧត្តម បានបញ្ជាឲ្យមន្ទីរសាធារណការរាជធានី កាយរករឺហ្គែលលូ ដែលត្រូវបានប្រជាពលរដ្ឋមួយចំនួន ចាក់បិទជំនួសដោយដាក់បំពង់ទុយោតូចៗ ខណៈមន្ត្រីជំនាញបញ្ជាក់ថា ការលិចលង់នេះ បណ្តាលមកពីបញ្ហានេះ។ភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ បានទទួលរងនូវផលប៉ះពាល់ នៃការលិចលង់ដោយជំនន់ទឹកភ្លៀង។

ឯកឧត្តម បានបញ្ជាឲ្យយក រថយន្តពន្លត់អគ្គិភ័យមកបន្ថែម ដើម្បីជួយបាញ់បូម និងលាងសម្អាត ដោយប្រើសាប៊ូ ប្រើរថយន្តសរុបទាំងអស់ប្រមាណ២០គ្រឿង រថយន្តរបស់មន្ទីរសាធារណការ រថយន្តនគរបាលរាជធានី និងរថយន្តរបស់អាវុធហត្ថ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង បានទទួលរងនូវការលិចលង់លំនៅឋានរបស់ពួកគាត់យ៉ាងធ្ងន់ ចំនួនប្រមាណ១,០០០ល្វែង ក្នុងចំណោយខ្នងផ្ទះ៣,១១៣ល្វែង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner