សម្ដេចតេជោ ថា លទ្ធផលធ្វើតេស្តលើកទី៣ របស់សម្ដេច និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ។ ជាលទ្ធផលទាំងសម្ដេចតេជោ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។

សម្ដេចបន្តថា សម្ដេចកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តបងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថា លទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។

ទោះយ៉ាងណាក៏ដោយ សម្ដេចនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលសម្ដេចសង្ឃឹមថា នឹងមានលទ្ធផលអវិជ្ជមានទាំងសម្ដេច និងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា ២០២០ ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង ។

សម្ដេចតេជោ ហ៊ុន សែន និងភរិយា ក៏បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់សម្ដេច និងភរិយា ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នក ប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៤នាក់ ដែល លទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត ដែលបានធ្វើវិភាគមាន ២៥៦៧ វត្ថុសំណាក (ក្នុង ចំនួននេះ មានអ្នកដែល បានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២ចំនួន៨២៦នាក់) ដោយលទ្ធផលពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មាន ចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់) ក្នុងនោះ អ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៨៩នាក់ និង អ្នកសម្រាក ព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner