គំនិតបង្កើតថ្មីភាគច្រើនកើតពីបញ្ហាជុំវិញខ្លួន តែមនុស្សជាច្រើនមើលរំលង

អត្ថបទដោយ៖
ហេង សុវណ្ណ

មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែមានសមត្ថភាពក្នុងការបង្កើតគំនិតថ្មី ឬធ្វើនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួន តែអ្វីដែលជាឧបសគ្គមិនឱ្យពួកគេសម្រេចរបកគំហើញទាំងអស់នោះ គឺការមើលឃើញធំពេកលើគំនិតបង្កើតថ្មី។

កញ្ញា ហេង សុវណ្ណមុនីនុត អ្នកជំនាញផ្នែកបច្ចេកវិទ្យាដែលធ្លាប់ឈ្នះពានរង្វាន់ផ្នែកនវានុវត្តពីប្រទេសមួយចំនួន បានលើកឡើងថា តាមពិតគំនិតបង្កើតថ្មីដែលអាចប្រើប្រាស់បានមិនមែនជាគំនិតដែលត្រូវស្រាវជ្រាវ ឬស្វែងរកពីណាឆ្ងាយពេកនោះទេ តែវាជាគំនិតកើតចេញពីបញ្ហាប្រចាំថ្ងៃដែលយើងជួបប្រទះ។ ឧទាហរណ៍ជាក់ស្តែង នៅក្នុងគម្រោងទី1 ដែលកញ្ញាបានជាប់ពានរង្វាន់នៅប្រទេសម៉ាលេស៊ី គឺគម្រោងកង្ហារឆ្លាតវៃ។ កង្ហារឆ្លាតវៃនេះ មានសមត្ថភាពវិលបាន 360ដឺក្រេ និងមានមុខងារសំខាន់ៗជាច្រើនទៀតដែលអាចបញ្ជារបានតាមរយៈបច្ចេកវិទ្យា។ ប្រសិនបើមើលពីផលិតផលសម្រេចយើងនឹងឃើញថាវាអាចជាឧបករណ៍មួយដែលលំបាកផលិត និងមានភាពសាំញ៉ាំ ឬជាផលិតផលដែលទាមទារគំនិតច្នៃប្រឌិតខ្ពស់ជាដើម តែស្ថានភាពជាក់ស្តែងវាដូចអ្វីដែលយើងគិតទាំងស្រុងនោះទេ។

កញ្ញា ហេង សុវណ្ណមុនីនុត និងក្រុម

កញ្ញា បានបន្ថែមទៀតថា តាមពិតគម្រោងមួយនេះកើតឡើងដោយសារតែការមើលឃើញបញ្ហាយ៉ាងតូចមួយតែប៉ុណ្ណោះ។ ថ្ងៃមួយក្រុមការងាររបស់កញ្ញាបានទៅហាងកាហ្វេមួយកន្លែង ដោយទីនោះមានកង្ហារមួយគ្រឿងវិលបានតែ 180ដឺក្រេ។ ហេតុនេះអ្នកនៅមុខកង្ហារ ឬចំទិសដែលកង្ហារបក់ទៅដល់នឹងត្រជាក់ តែអ្នកដែលនៅឆ្ងាយពីមុំនេះទាំងអស់ត្រូវអង្គុយក្តៅ។ ដោយមើលឃើញបែបនេះ ក៏កើតជាសំណួរបឋមថា ចុះប្រសិនបើកង្ហារអាចវិលបាន 360ដឺក្រេនឹងមានរឿងអ្វីកើតឡើង? ហើយវាអាចសន្សំសំចៃអ្វីខ្លះសម្រាប់អ្នកប្រើប្រាស់?
កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា៖ «ចាប់ផ្តើមពីគំនិតនេះហើយ ទើបយើងជួបប្រជុំគ្នារវាងអ្នកមានជំនាញវិស្វកម្ម និងអ្នកបច្ចេកវិទ្យា ដើម្បីបង្កើតជាគំរូកង្ហារដែលអាចវិលបាន 360ដឺក្រេ មុននឹងបន្ថែមកូដមួយចំនួនដើម្បីឱ្យវាកាន់តែមានមុខងារទំនើប និងប្រើប្រាស់បានច្រើនយ៉ាង»។

ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាខាងលើបានបន្ថែមផងដែរថា តាមពិតទៅយើងគ្រប់គ្នាសុទ្ធតែអាចមានសមត្ថភាពក្នុងការបង្កើតសម្មិទផលថ្មី ដោយចាប់ផ្តើមពីបញ្ហាដែលយើងជួបប្រទះជុំវិញខ្លួន។ កន្លងមកអ្វីដែលជាឧបសគ្គរាំងស្ទះដល់អ្នកមានសមត្ថភាពជាច្រើនមិនឱ្យសម្រេចរបកគំហើញថ្មី ដោយសារតែពួកគាត់មើលឃើញរូបភាព ឬរំពឹងទុកខ្ពស់ខ្លាំងពេក។ កាលណាគាត់ចាប់ផ្តើមមើលពីរូបភាពធំពេក គាត់អាចនឹងបាត់បង់ជំនឿចិត្ត ឬថាមពលនៃការផ្តោត ព្រោះទន្ទឹមនឹងពេលគាត់ដែលគាត់គិតពីរបកគំហើញ ខួរក្បាលមួយផ្នែករបស់គាត់បែរជាផ្តោតទៅលើការយល់ឃើញរបស់មនុស្សខាងក្រៅ ភាពល្បីល្បាញ និងផ្នែកជាច្រើនទៀតដែលមិនពាក់ព័ន្ធនឹងការងារចំពោះមុខ។ ជាលទ្ធផល គាត់អាចនឹងមើលឃើញពីកត្តាប្រឈមកាន់តែច្រើនឡើងៗ រហូតដល់គាត់បោះបង់វាចោលនៅថ្ងៃណាមួយ។

ជាដំណោះស្រាយកញ្ញាផ្តល់យោបល់ថា ប្រសិនបើចង់សម្រេចនវានុវត្តន៍ណាមួយ យើងគួរចាប់ផ្តើមពីគំនិតតូចៗទៅមុនសិន។ បន្ទាប់ពីមានផលិតផលបឋមនៅក្នុងដៃហើយ យើងអាចស្វែងរកអ្នកជំនាញផ្សេងៗទៀតដែលយើងគិតថាអាចជួយយើងបានដើម្បីផ្តល់យោបល់ និងអភិវឌ្ឍបន្ថែមលើគំនិតទាំងអស់នោះ។ ការធ្វើបែបនេះនឹងធ្វើឱ្យយើងកាន់តែមានទឹកចិត្តក្នុងការអភិវឌ្ឍ ហើយក្លាយជាអ្នកដោះស្រាយបញ្ហានៃការរស់នៅដោយប្រើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ល្អម្នាក់សម្រាប់សង្គម៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner