ប្រវត្តិ​សង្ខេប​ កាំង ហ្កេកអ៊ាវ “ហៅមិត្ត ឌុច” អតីតលេខាគណៈកម្មាធិការមន្ទីរ ស-២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)

ឌុច មានឈ្មោះដើមថា កាំង ហ្កេកអ៊ាវ កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅវើយ ឃុំ​ពាម​បាង ​ស្រុកស្ទោង ខេត្ត​កំពង់ធំ។ ក្រោយប្រឡងជាប់បាក់ឌុប ឌុចបានចូលរៀននៅវិទ្យាស្ថានគរុកោសល្យ នៅ​ជិត​វិមាន​ឯករាជ្យ។ នៅឆ្នាំ១៩៦៥ ឌុច បាន​ធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ​នៅ​វិទ្យាល័យ​ស្គន់ ខេត្ត​កំពង់ធំ។ ​ដោយមើលឃើញពីគម្លាតយ៉ាងឆ្ងាយរវាងអ្នកក្រ និង​អ្នកមាន​ ឌុចចាប់​ផ្តើម​មាន​គំនិត​ស្អប់​ខ្ពើម​វណ្ណៈសក្តិភូមិ ហើយ​ស្រឡាញ់​ចូលចិត្ត​គំនិត​​កុម្មុយនីស្ត។ នៅឆ្នាំ១៩៦៧ ឌុច ក៏បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​កម្ពុជាហើយត្រូវបាន​ប៉ូលិស​នៃ​រដ្ឋាភិបាល​សង្គមរាស្រ្ត​និយម​​ចាប់​ខ្លួន យក​ទៅ​ដាក់​គុក​ព្រៃស នៅ​ភ្នំពេញ។ នៅឆ្នាំ​​១៩៧០ ក្រោយដោះលែងពីពន្ធនាគារ ឌុច បានរត់ទៅចូលរួមតស៊ូជាមួយខ្មែរក្រហម នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​តាម​បណ្តោយ​ជួរ​ភ្នំក្រវ៉ាញ ហើយ​ត្រូវ​បាន វ៉ន វ៉េត តែង​តាំង​ឲ្យ​ធ្វើ​ជា​មេគុក ដែល​មាន​លេខ​សម្ងាត់​ថា ម-១៣ ស្ថិត​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ។

ក្រោយពេលដែលខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឌុច ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ហៅ គុក​ទួល​ស្លែង នៅ​ក្រុង​ភ្នំពេញ។ នៅចន្លោះឆ្នាំ១៩៧៨ ដល់​ដើម​ឆ្នាំ​១៩៧៩ គឺ​ជា​រយៈពេល​ដែល​ខ្មែរ​ក្រហម​បង្កើន​ប្រតិបត្តិការ​បោស​សំអាត​ផ្ទៃ​ក្នុង​បក្ស​ខ្លាំង​ក្លា​ជាង​គេ។ ក្នុង​ពេល​នោះ​ មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​យ៉ាង​ច្រើន​​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ ឌុច ធ្វើ​ទារុណកម្ម​សួរចម្លើយ​នៅ​គុក​ទួលស្លែង។

ក្រោយរបបខ្មែរក្រហមដួលរលំ ឌុច បាបានរត់ទៅប្រទេសថៃ ហើយមិន​សូវ​មាន​ព័ត៌មាន​ច្បាស់លាស់​សរសេរ​ពី​ជីវិត​របស់ ឌុច នោះ​ទេ។ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវ​បាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា ទៅ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ។ ឌុច ត្រូវ​បាន​តុលាការ​ពិសេស​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ឌុច សារភាពកំហុស តុលាការ​សម្រាល​ទោស​​ត្រឹម​ជាប់​គុក ៣៥​ឆ្នាំ។ ពី​រយៈពេល ៣៥​ឆ្នាំ​នេះ ត្រូវ​កាត់​បន្ថយ ៥​ឆ្នាំ បន្ថែម​ទៀត ដោយ​តុលាការ​យល់​ឃើញ​ថា ការ​ឃុំខ្លួន​ឌុច នៅ​ក្នុង​តុលាការ​យោធា​កម្ពុជា ពី​ឆ្នាំ​១៩៩៩ គឺ​ជា​ការ​ឃុំខ្លួន​ខុស​នីតិវិធី។ ទី​បញ្ចប់ ទោសរបស់ ឌុច នៅ​សល់​តែ ៣០​ឆ្នាំ​ប៉ុណ្ណោះ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន ពោល​គឺ​ពី​ឆ្នាំ​១៩៩៩មក។ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង ០០:៥១នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។

https://www.facebook.com/114489037099393/posts/139645287917101/?d=n

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner