អាវុធកែច្នៃ ខ្សែអន្ទាក់ និងឧបករណ៍នេសាទជាច្រើន ត្រូវបានដុតកម្ទេចចោល នៅដែនឧទ្យានជាតិវរៈជ័យ

ខេត្តស្ទឹងត្រែង៖ អាវុធកែច្នៃជិត ៣០០ដើម ខ្សែអន្ទាក់ ឧបករណ៍ឆក់ និងមងសម្រាប់បរបាញ់ និងទាក់យកសត្វព្រៃគ្រប់ប្រភេទ ច្រើនពាន់ម៉ែត្រ ត្រូវបានមន្ត្រីឧទ្យានុរក្សដកហូតបាន ពីក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវបានដុតនៅក្នុងពេលនេះ និងត្រូវដុតតម្ទេចចោល។

នៅរសៀលថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២០ អាវុធកែច្នៃ ៩៧ដើម ខ្សែអន្ទាក់ ២ពាន់ ៥០០ខ្សែ ក្បាលឆក់ ១០គ្រឿង មងដាក់សត្វ ១២៧ត្បូង មានប្រវែង ៦ពាន់ ៣៥០ម៉ែត្រ ឧបករណ៍សម្លាប់ជីវិត និងចាប់យកសត្វព្រៃទាំងនោះ ត្រូវបានធ្វើពិធីដុតកម្ទេចចោល ក្រោមអធិបតីភាព រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ,អគ្គាធិការក្រសួងបរិស្ថាន លោក ឈរ រតនៈ ដោយមានការចូលរួមពី មន្ត្រីប្រតិភូ ,អភិបាលរងខេត្តស្ទឹងត្រែង លោក ញ៉ែម សារី ,អភិបាលស្រុកសៀមប៉ាង លោក ផាន់ យុទ្ធ ,តំណាងអង្គការ ការពារសត្វស្លាប «ប៊ើតឡាយ»ប្រចាំកម្ពុជា មន្ត្រីបរិស្ថាន សិស្សានុសិស្ស និងកងកម្លាំងទាំង៣ នៅក្នុងស្រុកសៀមប៉ាង ផងដែរ។

ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភិរ៉ុង បានឲ្យដឹងថា ដោយអនុវត្តន៍តាមច្បាប់ ស្តីពីតំបន់ការពារធនធានធម្មជាតិ និងដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រួមទាំងគណៈអភិបាលខេត្តស្ទឹងត្រែង នៅក្នុងរយៈពេលកន្លងមក មន្ទីរបរិស្ថានខេត្ត បានបង្ក្រាប ដកហូត និងការប្រមូលវត្ថុតាងបទល្មើស ពីក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្ត រួមមាន ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដកហូតបានអាវុធកែច្នៃ ១៥១ដើម ខ្សែអន្ទាក់ ៩៦៩ ឧបករណ៍ឆក់ ៥១ មងទាក់សត្វ ៩៦០ម៉ែត្រ ,ដែនជម្រកសត្វព្រៃសៀមប៉ាង ដកហូតបានអាវុធកែច្នៃ ២៩ដើម ខ្សែអន្ទាក់ ២ពាន់ ៥០០ ឧបករណ៍ឆក់ ១០ មងទាក់សត្វ ៨៦ត្បូង និង ៤ពាន់ ៣០០ម៉ែត្រ ,ឧទ្យានជាតិវរៈជ័យ និងឧទ្យានជាតិវ៉ើនសៃសៀមប៉ាង ដកហូតបានអាវុធកែច្នៃ ៦៨ដើម ខ្សែអន្ទាក់ ៦២ និងមងទាក់សត្វ ៤១ត្បូង និង២ពាន់ ៥០ម៉ែត្រ និងតំបន់រ៉ាមសារ ដកហូតអាវុធកែច្នៃបាន ៨ដើម ឧបករណ៍ឆក់ ២០ និងមងទាក់សត្វព្រៃ ១០០ម៉ែត្រ សរុប អាវុធកែច្នៃ ២៥៦ដើម អន្ទាក់ ៣ពាន់ ៥៣១ខ្សែ ឧបករណ៍ឆក់ ៨១គ្រឿង និងមងទាក់សត្វ ១២៧ត្បូង និង ៧ពាន់ ៤១០ម៉ែត្រ។

រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា ក្រសួងបរិស្ថានមានតួនាទីក្នុងកិច្ចគាំពារ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចិរភាព ហើយនៅក្នុងខេត្តស្ទឹងត្រែង មានបញ្ហាប្រឈមធំៗ ៣ គឺបញ្ហាបទល្មើសព្រៃឈើ មានវិសាលភាធំធេងណាស់ កាលពីច្រើនឆ្នាំមុន ,បញ្ហាបទល្មើសដីធ្លី តែងកើតឡើងមិនចេះចប់ និងបទល្មើសគ្រឿងញៀន ការចរាចរណ៍ ការចែកចាយ និងការធ្វើអាជីវកម្ម ព្រោះភូមិភូមិសាស្ត្រខេត្តស្ទឹងត្រែង គឺជាតំបន់នាំគ្រឿងញៀនឆ្លងកាត់ រីឯការចែកចាយ និងការប្រើប្រាស់ បានធ្វើឲ្យយុវជនខូចសុខភាព បាត់បង់ការរៀនសូត្រ និងការបាត់បងអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។

លោករដ្ឋលេខាធិការប្រចាំការ បានបន្តទៀតថា ចំពោះការដុតបំផ្លាញអាវុធកែច្នៃ និងឧបករណ៍ចាប់សត្វព្រៃនៅពេលនេះ នឹងត្រូវធ្វើឡើង ៣ដំណាក់កាល និងនៅទីតាំងខុសគ្នា នៅពេលបន្ទាប់ខាងមុខនេះ ដែលត្រូវធ្វើនៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត គឺចង់បង្ហាញប្រជាពលរដ្ឋថា នេះគឺជាមនសិការ ក្នុងការបំផ្លាញចោល ព្រោះអាវុធកែច្នៃទាំងនេះ គឺពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ដែលមន្ត្រីឧទ្យានុរក្សចាប់បាន ហើយអាវុធកែច្នៃទាំងអស់ មិនត្រឹមតែសម្លាប់ជីវិតសត្វព្រៃប៉ុណ្ណោះទេ ក៏អាចបាញ់មនុស្សបានដែរ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការភ្ញាក់រលឹកឡើង ហើយត្រូវនាំយកអវុធកែច្នៃ មកប្រគល់ឲ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបរិស្ថាន ដើម្បីបញ្ចប់នូវការបរបាញ់ និងរួចផុតពីអំពើល្មើសច្បាប់។ ដោយឡែក មន្ត្រីឧទ្យានុរក្ស ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចការពារធនធានធម្មជាតិ បរិស្ថាន ឲ្យបានកាន់តែប្រសើរជាងនេះ ថែមទៀត។

បន្ទាប់មក លោករដ្ឋលេខាធិការ បានឧបត្ថម្ភអង្ករ និងម៉ាស ដល់មន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិវរៈជ័យ និងឧទ្យានជាតិវ៉ើនសៃសៀមប៉ាង ព្រមទាំងដុតកម្ទេចអាវុធកែច្នៃ សម្ភារៈ និងឧបករណ៍ចាប់សត្វព្រៃ ដើម្បីឈានទៅរកការកាត់បន្ថយ ការបរបាញ់សម្លាប់សត្វព្រៃ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕ ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner