ស្មារតី ២ ធ្នូ មានតម្លៃជាអមតៈសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ គឺជាខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២០) ហើយក៏ជាពេលវេលានៃក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលកំពុងតែរស់នៅប្រកបដោយសុភមង្គល និងភាពសុខដុមរមនា ក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ និងជាជាមគ្គុទេសក៍ដ៏ឆ្នើមរបស់មាតុភូមិកម្ពុជាយើង ។ រយៈពេល ៤២ឆ្នាំ បានកន្លងទៅ ប៉ុន្តែសច្ចធម៌ប្រវត្តិសាស្ត្រនៅតែជះពន្លឺដ៏ភ្លឺចិញ្ចាញចិញ្ចែង នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូលនោះគឺ បើគ្មានរណសិរ្ស ២ ធ្នូ គឺគ្មានមហាជ័យជម្នះ ៧ មករា , គ្មានមហាជ័យជម្នះ ៧ មករា គឺគ្មានកម្ពុជា ដែលបានរស់រានមានជីវិតឡើងវិញ មានសុខសន្តិភាព មានការអភិវឌ្ឍ ក្នុងសន្ទុះយ៉ាងលឿននាពេលបច្ចុប្បន្ននេះទេ ។
យើងគប្បីរំឭកអំពីប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ដែលដិតដាមជោគជាំទៅដោយឈាម និងទឹកភ្នែក ជាទឹកដីដែលគរដោយគំនរឆ្អឹងជនរងគ្រោះដ៏អភ័ព្វ ដែលបានចាកចោលយើងទៅដោយភាពអយុត្តិធម៌ ដែលប្រព្រឹត្តិឡើង ដោយអ្នកនយោបាយកម្ពុជា ល្ងង់ខ្លៅចិញ្ចឹមតែមហិច្ឆតាល្មោភអំណាច ដណ្តើមអំណាចគ្នា ក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង លក់ខ្លួនឲ្យបរទេស បំផ្លាញចោលឯករាជ្យជាតិ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រុញច្រានឲ្យប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃ និងគ្រោះប្រល័យពូជសាសន៍ដ៏មហន្តរាយ ។ ក្រោយរដ្ឋប្រហារ ថ្ងៃទិ១៨ មីនា ឆ្នាំ១៩៧០ ដែលធ្វើឡើងដោយ លន់ នល់ និងបក្សពួកមានការគាំទ្រពីបរទេស បានធ្វើឲ្យសង្គ្រាមកើតឡើងនៅលើទឹកដីកម្ពុជាអស់រយៈពេល ៥ឆ្នាំ និង ១ខែ ។ ទឹកដីដែលធ្លាប់តែមានសុខសន្តិភាព ប្រជាជនកម្ពុជាដែលធ្លាប់តែរស់នៅក្នុងសុភមង្គល ញញឹមស្រស់ស្រាយ បានត្រូវទទួលរងនូវទុក្ខវេទនា ភាពនិរាសព្រាត់ប្រាស់ និងសម្លេងស្រែកយំសោយសោកគ្រប់ពេលវេលា ។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ក្តីសង្ឃឹមរបស់ប្រជាជនដែលថា នឹងទទួលបានមកវិញនូវសុខសន្តិភាព និងសុភមង្គល សេចក្តីថ្លៃថ្នូរ និងភាពចម្រើនរុងរឿង បែរជាត្រូវបនក្បត់ ប៉ុល ពត អៀង សារី ខៀវ សំផន ឆក់ប្លន់ជ័យជម្នះយកទៅបង្កើតឡើងនូវរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យដ៏សាហាវយង់ឃ្នង ។ ក្រោមរបបដ៏ព្រៃផ្សៃនេះ ជីវិតប្រជាជនមានតម្លៃមិនស្មើនឹងសត្វធាតុ ។ សិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរក្នុងភាពជាមនុស្សជាតិ ត្រូវបំផ្លាញចោលទាំងស្រុង ។ អ្នកដែលបានឆ្លងកាត់នៅក្នុងរបបនេះ មានអារម្មណ៍ក្តុលក្តួលរំជួលចិត្ត ចំពោះមហាទុក្ខវេទនាបណ្តាលមកពីអំពើសាហាវយង់ឃ្នងពោរពេញដោយភាពអសីលធម៌ ការនិរាសព្រាត់ប្រាស់ និងបែកបាក់គ្រួសារដ៏សែនជូរចត់ ។ ក្នុងអំឡុង ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ នៃការគ្រប់គ្រងប្រទេស ពពួកឃាតករនៃរបបប្រល័យពូជសាសន៍ ដែលតាំងខ្លួនឯងសុទ្ធតែអស្ចារ្យជាងស្តេចនៃចក្រភពអង្គរ បានកំទេចចោលស្ថាប័នរដ្ឋ កំទេចអរិយធម៌ជាតិ ជាន់ឈ្លី និងលុបបំបាត់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដុតបំផ្លាញក្បួនច្បាប់ជាកេរ្តិ៍មរតកជាតិ គាស់រំលើងចោលសតិសម្បជញ្ញៈជាតិ បំផ្លាញចោលមនោសញ្ចេតនា សតិអារម្មណ៍ស្មារតីរបស់បុគ្គម្នាក់ៗ ធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ៗរូបក្លាយទៅជាឧបករណ៍ដែលគ្មានវិញ្ញាណ គ្មានឥន្រ្ទីយារម្មណ៍ និងក្លាយទៅជាឧបករណ៍ដែលគ្មានវិចារណញ្ញាណរបស់អង្គការ ។ ក្នុងពេលដែលរចនាសម្ព័នសង្គមជាតិត្រូវបំផ្លិចបំផ្លាញចោលស្ទើរខ្ទេចខ្ទីទាំងអស់ទៅហើយនោះ បែរជាមេឃាតករកម្ពុជាប្រជាធិបតេយ្យអួតអាងថា នោះហើយគឺជាជោគជ័យនៃការអនុវត្តនយោបាយមហាលោតផ្លោះ មហាអស្ចារ្យ ជារបបមួយដែលមនុស្សទាំងអស់រស់នៅដោយស្មើភាពគ្នា ជាសង្គមមួយដែលគ្មានអ្នកមាន គ្មានអ្នកក្រ គ្មានអ្នកជិះជាន់គេ គ្មានអ្នកដែលត្រូវគេជិះជាន់ ជាសង្គមដែលគ្មានសកម្មសិទ្ធិឯកជន ជាសង្គមសមូហភាពដាច់ខាត ដឹកនាំដោយអង្គការភ្នែកម្នាស់ ស្អីក៏ដឹង ស្អីក៏ចេះ ប៉ុន្តែតាមពិតជាក្រុមល្ងិត ល្ងង់ ជាក្រុមឃាតករស្រេកឈាមប្រជាជនតែប៉ុណ្ណោះ ។ នៅចំពោះមុខមហាគ្រោះកលយុគដ៏ធ្ងន់ធ្ងរនេះ ប្រជាជនកម្ពុជារងគ្រោះទាំងអស់ បានលើកដៃបួងសួងសុំរកអ្នកជួយសង្គ្រោះអាយុជីវិតឲ្យបានទាន់ពេលវេលាពីឋាននរកអវចីនេះ ។ នៅក្នុងដំណាក់កាលនោះ អ្នកស្នេហាជាតិកម្ពុជាដ៏បរិសុទ្ធ ដែលបានរត់រួចគេចផុត និងសេសសល់ពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍បានក្រោកឈរឡើងធ្វើការតស៊ូសង្គ្រោះជាតិ ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា ដែលជាអង្គភាពទ័ពរៀបរយដំបូងត្រូវបានបង្កើតឡើង ។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជននៅភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបប ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ព្រមទាំងចលនាតស៊ូប្រឆាំង ប៉ុល ពត ដែលមានរួចមកហើយនៅខេត្តកោះកុង នៅឦសានទិស និងចលនាផ្សេងៗទៀត ។ ផ្តើមពីចលនាទាំងនេះបានផ្តល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនចំនួន ១១រូបទៀត ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ដោយបានដាក់ចេញនូវសេចក្តីប្រកាសគោលនយោបាយ «១១ខ» បំផុស និងប្រមូលផ្តុំកម្លាំងប្រជាជនគ្រប់ទិសទីក្រោកឈរឡើង រួបរួមគ្នាក្រោមទង់មហាសាមគ្គីជាតិ វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ។

ដកស្រង់ពីទស្សនាវដ្តីប្រជាជន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner