ស្មារតី ២ ធ្នូ មានតម្លៃជាអមតៈសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ (តចប់)

អត្ថបទដោយ៖
Kien Sereyvuth

ដោយមានការគាំទ្រ និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា និងទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងមានការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានមហាជ័យជម្នះទាំងស្រុង នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។ រដ្ឋអំណាចរបស់ប្រជាជន គឺសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងរាល់កិច្ចការទាំងក្នុង និងក្រៅប្រទេសខិតខំស្តារឱ្យបានរស់ឡើងវិញនូវខឿនសេដ្ឋកិច្ចសង្គម ដែលត្រូវបំផ្លាញខ្ទេចខ្ទីឱ្យមានការរីកចម្រើនឡើង និងអភិវឌ្ឍតាមដំណាក់កាលនីមួយៗប្រកបដោយស្ថិរភាពរហូតមកដល់បច្ចុប្បន្ននេះ ។
ក្នុងរយៈពេល ៤២ឆ្នាំនេះ រណសិរ្សបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងគោលការណ៍មហាសាមគ្គីភាពប្រជាជនទាំងមូល ដែលជាមាគ៌ាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យសម្រេចបានជោគជ័យធំៗជាច្រើន ។ ឆ្លងកាត់ដំណាក់កាលនៃការរីកចម្រើនរបស់ប្រទេសជាតិ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៨១ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានប្តូរឈ្មោះមកជា រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា បន្ទាប់មកបានប្តូរឈ្មោះទៅជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខែមេសា ឆ្នាំ២០០៦ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលកម្លាំងមហាសាមគ្គីជាតិ រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយជោគជ័យ ។
បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាទទួលបានជោគជ័យ លើគ្រប់វិស័យ ក្នុងនោះគឺការពង្រឹងបានយ៉ាងរឹងមាំខឿនឯករាជ្យជាតិ ការពារបាននូវអធិបតេយ្យ បូរណភាពទឹកដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្តិភាពសង្គម ធានាបានស្ថិរភាពនយោបាយ ដែលធានានូវភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ ទោះបីជាប្រទេសយើងបាននិងកំពុងប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ ប៉ុន្តែវិស័យមួយចំនួននៅតែបង្ហាញសញ្ញានៃភាពវិជ្ជមាន ដែលបន្តផ្តល់ជំនឿចិត្តយ៉ាងរឹងមាំចំពោះដំណើរការអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត ។ ម៉្យាងវិញទៀត ទោះបីក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តប្រើប្រាស់ឧបាយកលសព្វបែបយ៉ាង ប៉ុនប៉ងបង្កឲ្យមានចលាចលក្នុងសង្គម អស្ថិរភាពនយោបាយ ធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការឃោសនាដែលមានចរឹតជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ច និងនយោបាយ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឆាំងនឹងជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ ក៏ពួកនេះមិនអាចធ្វើអ្វីបានឡើយ ហើយតែងតែទទួលបរាជ័យនៅក្នុងឧបាយកលដ៏ថោកទាបរបស់ខ្លួន ។
ដើម្បីរួមចំណែកអបអរសាទរខួបអនុស្សារីយ៍ទី ៤២ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានឹងឈានឆ្ពោះទៅអបអរខួបទី៤២ ថ្ងៃមហាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) រណសិរ្សគ្រប់ថ្នាក់គ្រប់ផ្នែក សមាជិក សមាជិការណសិរ្សគ្រប់ៗរូបត្រូវបង្កើនស្មារតីរួបរួមសាមគ្គីគ្នាឲ្យបានស្អិតរមួត ប្រមូលផ្តុំកម្លាំងមហាជនចូលរួមយ៉ាងសកម្ម ខិតខំអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅបន្តអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នាឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ៕

                                                                                     ដកស្រង់ពីទស្សនាវដ្តីប្រជាជន
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner