អត្ថន័យ ស.២១ នៃគុកទួលស្លែង របប៣ឆ្នាំ ៨ខែ ២០ ថ្ងៃ ( របបកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩)

ពាក្យថា ស.២១ នៃគុកទួលស្លែងមានន័យដូចតទៅ៖ អក្សរ ” ស ” តំណាងឲ្យសន្តិសុខ ហើយលេខ២១តំណាងឲ្យលេខសំងាត់។ ដូចនេះ ពាក្យនោះមានន័យថាមន្ទីរសន្តិសុខសម្ងាត់ ឬគុកសម្ងាត់។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ មុនឆ្នាំ១៩៧៥​ ជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ (សម័យសាធារណរដ្ឋខ្មែរ)។ ថ្ងៃទី ១៧មេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហម(របបកម្ពុជាប្រជាធិបតេយ្យ)​ បានកាន់កាប់ទីក្រុងភ្នំពេញ ហើយកន្លែងនេះ ប្រើសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់ទីនេះផងដែរ។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗ​ ដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាស​ដោយលួសបន្លាជាក្រឡាចក្រត្រង្គ​ ដេីម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ “ក” បានរៀបចំជាបន្ទប់ទំហំ៦មx៤ម​ មានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ “ក” សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និងប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ “ខ គ និង ឃ” ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា​។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់ ហើយជនរងគ្រោះមួយចំនួនធំ​ បានបញ្ជូនទៅសម្លាប់នៅបឹងជើងឯក (ចម្ងាយ១៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ)។ មន្ទីរ​ស‑២១ ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស ហើយ​គុក​នេះ​ក៏​ជា​កន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កំទេច​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។មន្ទីរ​ឃុំ​ឃាំង​ស-២១ មាន​បុគ្គលិក​បម្រើ​ការ​ផ្ទាល់​ និង​ប្រយោល​ប្រមាណ​១.៧២០នាក់​មន្ទីរ​ និងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេស​ និងមជ្ឈឹមបក្ស ប៉ុលពត ផ្ទាល់ដែលមានគណៈអចិន្រ្ដៃយ៍មជ្ឈឹមបក្សជាជំនួយការម្នាក់​ និងជាអ្នកទទួលខុសត្រូវគឺឈ្មោះ កាំង​ ហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅ ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ (មុនឆ្នាំ១៩៧០)និងឈ្មោះឌុច គឺអតីតប្រធានមន្ទីរស២១ (សម័យកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩)។ បុគ្គលិក​ភាគ​ច្រើន ​ជា​កម្មករ​បម្រើ​ការងារ​ទូទៅ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល រី​ឯ​បុគ្គលិក​មួយ​ចំនួន​ទៀត បម្រើ​ការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល យាមកាម និង​សួរ​ចម្លើយ​អ្នក​ទោស។ជនរងគ្រោះដែលខ្មែរក្រហមចាប់ចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨។ មានដូចខាងក្រោយ៖• ក្នុងឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់• ក្នុងឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់• ក្នុងឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់• ក្នុងឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗ​ ដែលពួកវាបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០ ០០០នាក់។ រយៈពេលឃុំឃាំងមាន២ខែទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ)គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញហើយបានចូលកាន់កាប់ក្រុងភ្នំពេញ ពួកគាត់បានរកឃើញជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិត។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។បញ្ជាក់៖ ខ្មែរក្រហមបានរៀបចំអង្គការចាត់តាំងតាមភូមិភាគនីមួយៗ និងបង្កើតឲ្យមានមន្ទីរសន្តិសុខ ៧៧កន្លែង សម្រាប់សួរចម្លើយជនរងគ្រោះ ហើយបានបង្កើតទីតាំងវាលពិឃាដមាន ៣៤៣ កន្លែងសម្រាប់សម្លាញ់ជនរងគ្រោះ និងទីតាំងរណ្តៅសាកសពរួមមាន ១៩៤៤០រណ្តៅ។ រៀបរៀង និងបកប្រែដោយ៖​ ហាក់ ចាន់រស្មី ប្រភព៖​ ទង់បដិវត្តន៍ វិបត្តិកម្ពុជា​ ប៉ុល​ពលជានរណា? BOPHANA (Elizabeth Becker) Documentation Center of Cambodia​ ប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ Khmer Rouge History ( Michael Vickery).

https://www.facebook.com/blackcrowkh/posts/140430694505227

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner