ក្រសួងបរិស្ថានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ ៣០ នាក់មកពី ២០ ស្ថាប័នស្វែងយល់ពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ីនៅឧទ្យានជាតិជ័យវរ្ម័ន -នរោត្តម ភ្នំគូលែន ក្នុងខេត្តសៀមរាប


ដំណើរទស្សនកិច្ចដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ នេះមានគោលបំណងសំខាន់ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភី អ៊ី អេស (PES) ដែលជាយន្តការ ហិរញ្ញវត្ថុសំដៅដល់«អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ»។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មាន នេះថាគឺដើម្បីឱ្យការអនុវត្តសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីអាចប្រព្រឹត្តទៅបាន ចាំបាច់ត្រូវមានការផ្សព្វផ្សាយឱ្យសាធារណជន និងអ្នកពាក់ព័ន្ធបានយល់ដឹងអំពី៖ ១)សារៈសំខាន់នៃសេវាកម្មប្រព័ន្ធអកូឡូស៊ីនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ២)គោលបំណងនៃការអនុវត្ត PES ៣)យន្តការនៃការអនុវត្តPES ៤)ថវិកាប៉ាន់ស្មានពីការអនុវត្ត PES និង ៥)ការប្រើប្រាស់ថវិកាដែលប្រមូលបានពីការអនុវត្ត PES។

ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យនិងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោល នយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះដើម្បីរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ ឯកឧត្តមរដ្ឋលេខាធិការបាន
ពន្យល់ថា ប្រព័ន្ធអេកូឡូស៊ី សំដៅដល់អន្តរទំនាក់ទំនងរវាងភាវៈមានជីវិត និងមជ្ឈដ្ឋាន ឬទីជម្រកដែលពួកវារស់នៅ ហើយលំហូរនៃអន្តរទំនាក់ទំនងនេះបង្កើតបានជាប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដែលយើងហៅថា “សេវាកម្មប្រព័ន្ធអេកូឡូស៊ី” ហើយចាំបាច់បំផុតត្រូវការការពារនិងអភិរក្សឱ្យបានគង់វង្សដូចជាការពារប្រភពទឹកក្រោមដីសម្រាប់ការប្រើប្រាស់យូរអង្វែង។ ទឹកគឺជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។ បើគ្មានទឹក នោះមនុស្សសត្វ រុក្ខជាតិនឹងស្លាប់។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ការកើនឡើងនៃចំនួនមនុស្ស នៅលើពិភពលោក បានបង្កើតនូវសេចក្តីត្រូវការសេវាប្រព័ន្ធអេកូឡូស៊ី តែការផ្គត់ផ្គង់របស់សេវាប្រព័ន្ធអេកូឡូស៊ីនេះមានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃព្រោះមនុស្សភ្លេចគិតថាមនុស្សយើងមានទំនាក់ទំនងទៅនឹងធម្មជាតិ ហើយយើងក៏មិនបានយកចិត្តទុកដាក់ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលបានផ្តល់សេវានិងផលប្រយោជន៍ដល់យើងដែរ។ ថវិការបស់រដ្ឋាភិបាលសម្រាប់គាំទ្រកិច្ចការពារប្រព័ន្ធអេកូឡូស៊ីនៅមានកម្រិតកំណត់ ដូច្នេះយើងត្រូវចូលរួមបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីពីអ្នកដែលបានប្រើប្រាស់វា ជាប្រយោជន៍។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖«យើងទាំងអស់គ្នាចាំបាច់ត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ពីគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះព្រោះវាមានតួនាទីចាំបាច់ក្នុងការចូលរួមការពារប្រព័ន្ធអេកូឡូស៊ីដែលមាន។ តាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា សាធារណជននឹងយល់កាន់តែច្បាស់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ភពផែនដីជា ពិសេសសម្រាប់មនុស្ស ហើយអ្នកពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីនឹងចូលរួមអនុវត្តគម្រោងសាកល្បងនេះឱ្យបានជោគជ័យ»៕ប្រភព៖ ក្រសួងបរិស្ថាន

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner