តំបន់អេកូទេសចរណ៍បឹងឈូក អនាម័យបរិស្ថានកាន់តែស្អាតល្អដែលជាទីទាក់ទាញភ្ញៀវទេសចរ

សៀមរាប៖ សហគមន៍អេកូទេសចរណ៍ បឹងឈូកបន្ទាយស្រី ឬក៏គេច្រើនហៅថា សហគមន៍អេកូចំការឈូក មានទីតាំងស្ថិតនៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបកំពុងមានបរិស្ថាន និងអនាម័យកាន់តែស្អាតល្អដែលជាទីទាញភ្ញៀវទេសចរ។

តំបន់អេកូទេសចរណ៍បឹងឈូកនេះ មានសក្តានុពលទេសចរណ៍បែបធម្មជាតិ ដោយតំបន់ទេសចរណ៍ធម្មជាតិនេះ ស្ថិតនៅជិតប្រាសាទបន្ទាយស្រីផងដូច្នេះ សហគមន៍ ទេសចរណ៍ បឹងឈូកនេះតែងតែ មានភ្ញៀវទេសចរទៅទស្សនា ទទួលទានអាហារថ្ងៃត្រង់ ឬទៅលំហែកាយនៅទីនោះមិនដាច់ ជាពិសេសនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗជាដើម។

ចំពោះចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ បឹងឈូកបន្ទាយស្រីដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះមានដូចជា៖ ម្ហូប ស្ទូច ត្រី ជិះទូក, ជិះទូកកាយ៉ាក, ទស្សនាទេសភាពព្រៃភ្នំ, មើលសត្វបក្សាបក្សីឬសត្វស្លាប និងចំណុចផ្សេងៗទៀត។

ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ចស្រុកបន្ទាយស្រីកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ដោយបានពិនិត្យលើការគ្រប់គ្រង រៀបចំ និងទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក និងតំបន់អេកូទេសចរណ៍បឹងឈូក បានធ្វើការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី បងប្អូនប្រជាពលរដ្ឋនៃស្រុកបន្ទាយស្រីទាំងអស់ដែលបានគិតគូរ និងចូលរួមអនុវត្តន៍អនាម័យបរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិ ដ្ឋាននិងសហគមន៍បានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថាក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារៈនិងថវិកាដល់រដ្ឋបាលស្រុកដើម្បីអនុវត្តន៍វិធានការអនាម័យបរិស្ថានក្នុងនោះមានទាំងការផ្តល់ឡដុតសំរាម និងរថយន្តដឹកសំរាមផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រាបានថ្លែងថា “រដ្ឋបាលស្រុកបន្ទាយស្រីនិងបងប្អូន ប្រជាពលរដ្ឋបានអនុវត្តបានយ៉ាងល្អក្នុងការគ្រប់គ្រងសំណល់សំរាមដែលបានបង្កើតឡើង និងបានថែទាំ តុបតែងផ្ទះសម្បែងរបស់ខ្លួនបានយ៉ាងស្អាតដោយការដាំដើមឈើ និងផ្កាលម្អនានាដ៏ស្រស់បំព្រង”។

ឯកឧត្តមថាស្រុកបន្ទាយស្រីបានផ្តល់នូវគំរូល្អមួយសម្រាប់ការអនុវត្តការគ្រប់គ្រងសំណល់រឹងទីប្រជុំជននៅកម្ពុជា ហើយក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមានការបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យស្រុកបន្ទាយស្រីកាន់តែមានសោភ័ណភាពស្អាតបន្ថែមទៀត ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញ។ កន្លងមកក្រសួងបរិស្ថានបានផ្ទេរភារកិច្ចនៃការគ្រប់គ្រងសំណល់មករដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រង ក្នុងនោះការគ្រប់គ្រងសំណល់រឹងសំរាមគឺជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុត។
ទាក់ទិននឹងបញ្ហានេះឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានបានបន្តផ្តល់បច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយពង្រឹងស្ថាប័ន និងបង្កើនសមត្ថភាពមន្ត្រី និងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការសម្អាត អនាម័យបរិស្ថាន។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានឱ្យដឹងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថានបានចេញប្រកាសអន្តរក្រសួងស្តីពីការបង្កើតក្រុមការងារដើម្បី ពិនិត្យនិងដាក់បញ្ចូលវិធានការអនាម័យនិងបរិស្ថាននៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងជឿជាក់ថាតាមរយៈវិធានការដែលនឹងបញ្ចូលក្នុងគោលនយោបាយនេះ នឹងធ្វើឱ្យភូមិ ឃុំរបស់ប្រជាពលរដ្ឋមិនត្រឹមតែមានសុខសុវត្ថិភាព តែនឹងបង្កើនគុណភាពជីវិតដោយមានបរិស្ថានរស់នៅ ស្អាត មានខ្យល់ដកដង្ហើមបរិសុទ្ធ និងរស់នៅប្រកបដោយផាសុកភាព៕ ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner