អត្ថន័យនៃវិមានឈ្នះ ឈ្នះ

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់ ព្រែក តាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡដ្ឋានមរតកតេជោ។

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃកូនខែ្មរសុទ្ធសាធ និងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបាន សាងសង់ឡើង ដោយបញ្ជាក់នូវអត្ថន័យដ៏មាន សារសំខាន់ចំនួនបីរួមមាន៖ ទី ១. កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី ២. តួវិមានដែលមានជ្រុង ៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម និងសារសំខាន់ ទី៣. តួវិមានមានជ្រុង ប្រាំពីរ តំណាងកត្តា នាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ ។

នៅជាប់លើវិមានមានឆ្លាក់សិលាចារឹកចំនួន២ផ្ទាំង។
– សិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមាន ឈ្នះ-ឈ្នះ គឺដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយតរៀងទៅ។
– សិលាចរឹកផ្ទាំងទី២ បង្ហាញអំពីការបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរសជនដែលកសាងថែទាំ ការពារ រួមទាំងការអំពាវនាវរបស់សប្បុរសជនទាំងឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ មានច្រកទ្វារចូលក្នុងវិមានចំនួន៣ ដែលច្រកទ្វារទាំង៣នេះ ក៏មានអត្ថន័យផ្សេងៗគ្នាផងដែរ។

ច្រកទ្វារទី១៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសាសនា៖ រូបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៉ីស្លាមសាសនា និងគ្រឹស្តសាសនា។ និមិត្តរូបព្រះពុទ្ធសាសនាដាក់ចំកណ្តាល ត្បិតព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សម្រាប់ហោជាងនៅច្រកទ្វារជ័យនេះកំណត់យករូបសញ្ញារាជរដ្ឋាភិបាលមានព្រះខ័នម្កុដរាជ្យ សញ្ញាឱមតម្កល់លើជើងពានទ្រជាក្បាច់ភ្ញីទេស។

ច្រកទ្វារទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា «នយោបាយឈ្នះ-ឈ្នះ»៖ រូបរចនានៅលើផ្តែរ គឺការធានាបីយ៉ាងរបស់នយោបាយឈ្នះ-ឈ្នះ។ សម្រាប់ចម្លាក់លើហោជាងទាក់ទងនឹងការធានាបីយ៉ាង ត្រូវបានរចនាឡើងក្នុងន័យវប្បធម៌ ដែលមានរូបព្រះវិស្ណុការ កណ្ឌី និងព្រះបាទកុវេរៈ។

ច្រកទ្វារទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្ត្រខ្មែរ៖ រូបរចនានៅលើផ្តែរស្តីពីវប្បធម៌ និងបេតិកភណ្ឌជាតិដែលក្នុងនោះជ្រើសយកប្រាសាទដែលល្បីៗក្នុងប្រទេសកម្ពុជា ពីអាយុកាលមុនអង្គររហូតដល់ចុងអង្គរ មានជាអាទិ៍៖ ប្រាសាទសំបូរព្រៃគុក, ប្រាសាទកោះកេរ, ប្រាសាទព្រះវិហារ, ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ សម្រាប់ចម្លាក់លើហោជាង គឺជារូបព្រះឥន្ទ្រគង់លើដំរីក្បាលបីលើព្រះកាល។

នៅលើវិមានប្រាសាទមានសាងសង់រូបដំរីក្បាលបីមានស្លាបគ្រុឌ និងហង្ស ដែលបញ្ជាក់ពីអត្ថន័យ និងខ្លឹមសារផ្សេងៗគ្នា។

– ហង្ស៖ ហង្សជាសត្វនៃបក្សីសួគ៌ និងជានិមិត្តរូបនៃសេចក្តីចម្រុងចម្រើន ឬភាពសម្បូរខាងទ្រព្យធនជាដើម។

– គ្រុឌ៖ គ្រុឌជាកម្លាំងនៃនិមិត្តរូបដ៏មហិមា ល្បឿនលឿនឆ្ពោះទៅមុខ ម្លោះហើយទើបគេច្រើនធៀបអ្នកចម្បាំង ទៅនឹងសត្វគ្រុឌ។

– ដំរីក្បាលបីមានស្លាប៖ ដំរីក្បាលបីជាយាន្តជំនិះរបស់ព្រះឥន្ទ្រ ដែលជាស្តេចនៃស្ថានសួគ៌ និងជាទេពប្រចាំទិសខាងកើត។ ដំរីក្បាលបីមានឈ្មោះថា Airivata ដែលជាវត្ថុពិសិដ្ឋមួយកើតចេញមកពីការកូរសមុទ្រទឹកដោះ រវាងពួកយក្ស និងពួកទេព។ លើសពីនេះទៅទៀត គឺដំរីក្បាលបីមាននាទីជាអ្នកយាមទ្វារព្រះរាជវាំង របស់ព្រះឥន្ទ្រ។ ការផ្តុំរូបទាំងបីនេះ ក៏ជានិមិត្តរូប ដី អាកាស និងស្ថានសួគ៌ផងដែរ។

នៅអមសងខាងផ្លូវចូលនៃវិមាន មានតម្កល់រូបយក្សទាញព្រ័ត្រ ដែលជាខ្សែទេវកថាដ៏ល្បីមួយក្នុងសង្គមខ្មែរបុរាណ ហើយក៏ជានិមិត្តរូបនៃការកើតថ្មី ឬភាពអមតៈ ដែលគេនិយមប្រើសម្រាប់សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងជាឧទាហរណ៍ ក្រុងអង្គរធំដែលមានឈ្មោះថា «យោសោធរ»។

នៅបរិវេណសំណង់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ ក្រៅពីសំណង់តួវិមាន ក៏មានរៀបចំជាឧទ្យានប្រវត្តិសាស្ត្រ ដែលចែកតំបន់ជាពីរសំខាន់ៗផងដែរួមមាន៖

១៖ តំបន់សុខដុមនីយកម្មប្រវត្តិសាស្ត្រខ្មែរ៖ គម្រោងនេះ រៀបជាឧទ្យានខ្មែរបុរាណ និងសំណង់ប្រាសាទខ្មែរនាសម័យកាល រុងរឿងសុខដុមមានប្រាសាទទាំង៥ គឺ ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរ ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។

https://www.facebook.com/blackcrowkh/posts/161253032422993

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner