ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡេីងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម សមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពេីល្មេីសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។

ប្រជាពលរដ្ឋដែលបានមកចូលរួម បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី សូមធ្វេីការដោះដូរដីដែលបច្ចុប្បន្នពួកគាត់បានកំពុងអាស្រ័យផលលើដីសហគមន៍ និងខ្លះទៀតជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។ ក្រោយពីពិភាក្សារួចមក ឯកឧត្តមបានផ្ដល់យោបល់ល្អៗដល់ពួកគាត់ ហើយនឹងរៀបចំដីបំរុងទុកសម្រាប់ដោះដូរជូនពួកគាត់ ដោយត្រូវនៅជិតនឹងសេវាសាធារណៈ មន្ទីពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឱ្យពួកគាតរស់នៅដោយមានភាពងាយស្រួល។

ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន ពង្រឹង ការអប់រំប្រជាពលរដ្ឋ លេីកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រទាំងអស់គ្នា និងស្នេីឱ្យដាំដេីមឈេីដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដេីម៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner