ឯកឧត្តម សៅ សុភាព ជួបជាមួយនាយកការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃអង្គការ និងប្រធានគម្រោងព្រៃឡង់បៃតង ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងព្រៃឡង់បៃតង និងបញ្ហាប្រឈមនានា

ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានទទួលជួបជាមួយ លោក Richard Chen នាយកការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃអង្គការ USAID លោក Mathew Adwardson ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងព្រៃឡង់បៃតង និងបញ្ហាប្រឈមនានា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកសហគមន៍មូលដ្ឋាន លោកអគ្គនាយករងរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោកអគ្គនាយករងចំណេះដឹង និងពត៌មានបរិស្ថាន និងលោកប្រធាននាយកដ្ឋាន ដ.គ.ជ សរុប១១នាក់ កាលពីថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នា២០២១ ។

កិច្ចប្រជុំបានពិភាក្សាលើចំណុចមួយចំនួនដូចខាងក្រោម៖
១. បង្ហាញពីវឌ្ឍនភាពនៃការរៀបចំកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបច្ចុប្បន្នក្រុមការងារនៃក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្នុងការពិនិត្យពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗដើម្បីកែសម្រួលតាមគន្ថីពាក់ព័ន្ធ។

២.ពិភាក្សាពាក់ព័ន្ធនឹងលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ក្នុងគោលបំណងស្នើឱ្យមានការរៀបចំកិច្ចប្រជុំអន្តរក្រសួង និងខេត្ត ជាមួយដៃគូរអភិវឌ្ឍន៍ក្នុងការពង្រឹងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងតំបន់ជុំវិញ។

៣.ការផ្តល់ពត៌មានពាក់ព័ន្ធនឹងការឈូសឆាយដី និងកាប់ឈើខុសច្បាប់ និងលក់ទៅឱ្យក្រុមហ៊ុន Think Biotech។

៤.ចំពោះរបាយការណ៍វាយតម្លៃស្ថានភាពព្រៃឡង់ និងតំបន់ជុំវិញព្រៃឡង់ ក្រុមការងារ នៃក្រសួងបរិស្ថាន នឹងបន្តពិនិត្យ ផ្តល់យោបល់ និងផ្ញើរទៅក្រុមការងារគម្រោងវិញនៅចុងខែមករានេះ។

បន្ថែមពីនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងថា ក្រសួងបរិស្ថានបើកចំហរនូវរាល់កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាញសហគមន៍ព្រៃឡង់ លើកិច្ចការពារ និងអភិរក្សធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងតំបន់ការពារធម្មជាតិផ្សេងៗទៀត ដោយបណ្តាញទាំងអស់ត្រូវចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ ឬចុះកិច្ចព្រមព្រៀង ក៍ដូចជាអនុស្សារណៈយោគយល់ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមអនុវត្តកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ក៏បានស្នើឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមការងារគម្រោងព្រៃឡង់បៃតង ដើម្បីជំរុញការងាររៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ នៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងតំបន់ជុំវិញ។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner