ឯកឧត្តម កៅ ថាច លើកទឹកចិត្តដល់កសិករពង្រឹងនិងពង្រីកការដាំដុះបន្លែ ខណៈក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែររងចាំទទួលទិញជានិច្ច ធានាបានទាំងតម្លៃនិរន្តរភាពទីផ្សារ

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មលើកទឹកចិត្តដល់ប្រជាកសិករពង្រឹងនិងពង្រីកការដាំដុះបន្លែ ខណៈដែលក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែររងចាំទទួលទិញជានិច្ច ធានាបានទាំងតម្លៃនិរន្តរភាពទីផ្សា។

ជាមួយគ្នានេះដែរ ឯកឧត្តម កៅ ថាច បានគូសបញ្ជាក់ដែរថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅតែបន្តផ្តល់កម្ចីឥណទានអត្រាការប្រាក់ទាប ត្រឹម០,៤២ភាគរយក្នុងមួយខែ ជូនប្រជាកសិករដែលត្រូវការដើមទុនក្នុងការផលិត ជាកញ្ចប់ហិរញ្ញប្បទានពិសេស ៥០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ហៅកាត់ថាអេអឌីប៊ី ជាការផ្តល់កិច្ចអន្តរាគមន៍ក្នុងបរិបទកូវីដ១៩។

ឯកឧត្តម កៅ ថាច បានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារ ជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណ ជិត៣០០នាក់ កាលពីរសៀលថ្ងៃទី២៦ មករា ២០២១ ដោយក្នុងកម្មវិធីនោះ ក៏មានការចូលរួមពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្ម ខេត្តសៀមរាប និងលោកស្រី សាន សុភ័គ តំណាងក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរផងដែរ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានជម្រាបជូនបងប្អូនប្រជាកសិករថា កម្មវិធីនៅព្រឹកនេះគឺរៀបចំឡើងដោយធនាគារអេអឌីប៊ី គឺក្នុងបំណងណែនាំ ឱ្យបងប្អូនស្គាល់ក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននេះដើម្បីឱ្យបងប្អូនមានទីផ្សារច្បាស់លាស់ និងធានាបានតំលៃពិតប្រកដ។

ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុននេះបានបង្កើតឡើងដោយមានការចូលរួមគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដែលជាធនាគាររបស់រដ្ឋ និងមានការចូលរួមពីអ្នកជំនួញដែលស្ថិតក្នុងវិស័យឯកជនផងដែរ។ ក្រុមហ៊ុននេះ មានតួនាទីជាអ្នកប្រមូលទិញបន្លែសុវត្ថិភាពពីបងប្អូនប្រជាកសិករដើម្បីយកទៅបោះដុំបន្ត និងលក់រាយផងដែរ។ ដូចនេះឯកឧត្តម បានស្នើសុំឱ្យបងប្អូនកសិករដែលមានវត្តមាននៅព្រឹកនេះធ្វើការពិចារណាចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាព ដើម្បីធ្វើការផ្គត់ផ្គង់បន្លែចូលទីផ្សារ និងជាពិសេសបងប្អូនកសិករនឹងឈប់ភ័យព្រួយលើបញ្ហាទីផ្សារ និងលើបញ្ហាតំលៃ ទៀតហើយ។ តាមរយៈកិច្ចសន្យាកសិកម្មនេះកសិផលរបស់បងប្អូននឹងធានាបានទាំងតំលៃ និងនិរន្តភាពទីផ្សារ ពីព្រោះយើងមានអ្នកទទួលទិញពិតប្រាកដ មានទីផ្សារពិតប្រាកដ និងការទូទាត់វិញក៏ពិតប្រាកដដោយមិនធ្វើឱ្យបងប្អូនមានបញ្ហាឡើយ។

ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច បានបន្ថែមទៀតថា មិនថាចំពោះការដាំដុះបន្លែ ចំណែក ការដាំដុះស្រូវរបស់បងប្អូនកសិករ ឯកឧត្តម ក៏បានធ្វើការ ស្នើសុំដោយស្មោះស្មគ្រ ដល់បងប្អូនប្រជាកសិករសូមធ្វើការផ្លាស់ប្តូរផ្នត់គំនិត និងកែប្រែ ពីការធ្វើស្រូវដាក់ជង្រុកសម្រាប់តែការទុកហូបសម្រាប់មួយឆ្នាំ សល់ពីការទុកហូបបានប៉ុន្មានទើបលក់ចេញ មកដាំដុះស្រូវដើម្បីលក់យកចំណេញ ក្នុងជីវភាពជាសហគ្រិន មិនមែនធ្វើកសិកម្មក្នុងជីវភាពជាកសិករធម្មតានោះទេ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner