ក្រសួងបរិស្ថានប្រគល់ជ័យលាភី ការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ក្រោមប្រធានបទ «សម្រស់ស្រុកយើង»

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានរៀបចំពិធីប្រគល់ជ័យលាភី ការប្រកួតវីដេអូខ្លី ស្តីពីបរិស្ថាន ក្រោមប្រធានបទ «សម្រស់ស្រុកយើង» ជូនដល់ក្រុមទទួលបានជ័យលាភី ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ១១ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះក្រុមបេក្ខជនដែលបានផលិតវីដេអូដែលមានគុណភាពល្អ បង្ហាញនូវតំបន់នានាដែលមានសក្តានុពលទេសចរណ៍ និងសម្រស់ស្រស់ល្អឯកនៃធម្មជាតិនៅប្រទេសកម្ពុជា។ ឯកឧត្តមអគ្គនាយកបានបន្តថា ក្រសួងបរិស្ថានបាននឹងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយដល់សាធារណជន អំពីសក្តានុពល និងសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិនៅប្រទេសកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមក យើងសង្កេតឃើញនូវការផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានចំពោះបរិស្ថាន ដោយក្នុងនោះ សារធារណៈជន ជាពិសេសយុវជន បានយល់ដឹងអំពីភាពសម្បូរបែបនៃធនធានធម្មជាតិ និងសម្រស់ធម្មជាតិដែលមានតម្លៃ ក្នុងការចូលរួមការពារ និងអភិរក្សសម្រាប់ឧត្តមប្រយោជន៍ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ បានអបអរសាទរចំពោះក្រុមបេក្ខជនទទួលជ័យលាភីនាពេលនេះ ដែលបានបញ្ចេញស្នាដៃក្នុងការផលិតវីដេអូនៃសម្រស់ធម្មជាតិនៅកម្ពុជា ប្រកបដោយគុណភាព ដែលនឹកស្មានមិនដល់ សម្រាប់ចូលរួមការប្រកួតប្រជែង និងបង្ហាញដល់សាធារណជនអំពីសក្តានុពល និងសម្រស់ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ចាប់តាំងពីឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋមន្រ្តីក្រសួងសបរិស្ថានមក គឺនៅឆ្នាំ២០១៣ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ក្នុងនោះការលើកកម្ពស់ឱ្យមានការចូលរួមពីសាធារណជន គឺជារឿងចាំបាច់មួយក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។ ក្នុងនោះដែរ កិច្ចការចម្បងក្នុងការបំផុសឱ្យមានការចូលរួមទៅបាន គឺត្រូវរិះរកវិធីក្នុងការឱ្យប្រជាពលរដ្ឋ បានយល់អំពីសក្តានុពល តម្លៃ និងសម្រស់នៃធនធានធម្មជាតិរបស់កម្ពុជា។

ក្រសួងបរិស្ថាន បាននឹងកំពុងធ្វើកិច្ចការងារជាច្រើនក្នុងទិសដៅការពារ និងអភិរក្សធនធានធម្មជាតិ រាប់បញ្ចូលយ៉ាងសំខាន់ គឺព្រៃឈើ និងសត្វព្រៃ។ កិច្ចការមួយ ក្នុងចំណោមកិច្ចការជាច្រើនដែលក្រសួងបរិស្ថានបាននឹងកំពុងធ្វើនោះ គឺការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសក្តានុពលធម្មជាតិ តាមគ្រប់មធ្យោបាយ ដើម្បីឲ្យបានទៅដល់សាធារណៈជន។ ការចូលរួមប្រកួតប្រជែងវីដេអូ ស្តីពីសម្រស់ស្រុកយើង នាពេលនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអំពីសម្រស់ធម្មជាតិ តាមរយៈការផ្តិតយកនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់នានានៅទូទាំងប្រទេសកម្ពុជា ដោយតំបន់ខ្លះយើងមិនទាន់បានទៅដល់ មកបង្ហាញដល់មហាជនឱ្យបានជ្រួតជ្រាប ។

ជាមួយគ្នានេះ ឯកឧត្តម លើកទឹកចិត្តឱ្យក្រុមទទួលបានជ័យលាភីនាពេលនេះ បន្តខិតខំចូលរួមផ្សព្វផ្សាយបន្ថែមទៀត អំពីសម្រស់ធម្មជាតិស្រុកយើង ដើម្បីជួយលើកកម្ពស់លើវិស័យអេកូទេសចរណ៍ ឬទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។ ក្រសួងបរិស្ថានបន្តផ្តល់ឱកាស និងលើកទឹកចិត្តបន្ថែមទៀត ដល់ប្អូនៗជាបេក្ខជននាពេលនេះ និងបេក្ខជនដទៃទៀតឱ្យចូលរួមកាន់តែផុសផុលឡើងថែមទៀត។

សូមបញ្ជាក់ថា ក្រុមដែលទទួលបានជ័យលាភីមានចំនួន ១១ក្រុម រួមមាន៖ ១)ក្រុមយុវនិនេត្យ ២)ក្រុម លោក សារី ប៉ោស៊ីង ៣)ក្រុម United Media ៤)ក្រុម The Cevents ៥)ក្រុម Youth AGE ៦)ក្រុម 2 GO ADVANTURE ៧)ក្រុម The Shutter ៨)ក្រុម រត់ចោលស្រុក ៩)ក្រុម កញ្ញា តាន់ ងួននីនី ១០)ក្រុម កញ្ញា ជូ លីនី និង១១)ក្រុម លោក សួរ ប៊ុនម៉ារ៉ាឌី។ ក្រុមដែលទទួលជ័យលាភីលេខ១ គឺក្រុមយុវនិនេត្យ ផលិតវីដេអូលើប្រធានបទ ស្តីពី «សុបិន្ត» ក្រុមដែលទទួលបានជ័យលាភីលេខ២ គឺក្រុម លោក សារី ប៉ោស៊ីង ផលិតវីដេអូលើប្រធានបទ ស្តីពី «ឋានសួគ៌ក្រោមមេឃ» និងក្រុមដែលទទួលបានជ័យលាភីលេខ៣ គឺក្រុម The United Media ផលិតវីដេអូលើប្រធានបទ ស្តីពី «I AM CAMBODIA»៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner