ពលរដ្ឋនៅសហគមន៍ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ឈប់ចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ

ព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្បែរតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ អះអាងថា ពួកគាត់បញ្ឈប់សកម្មភាពចូលព្រៃ ដើម្បីកាប់ឈើ និងបរបាញ់ ឬដាក់អន្ទាក់ចាប់សត្វព្រៃ ដូចកាលពីមុនទៀតឡើយ ពី ព្រោះបន្ទាប់ពីមានរបរចិញ្ចឹមជីវិត ពិតប្រាកដ និងបានយល់ដឹងពីតម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា។

ប្រតិភូក្រសួងបរិស្ថាន និងអង្គការដៃគូអភិវឌ្ឍន៍ ចុះទស្សនកិច្ចសិក្សាពីការអនុវត្តច្បាប់ និងការចូលរួមការពារព្រៃឈើ និង សត្វព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មពេទ ខេត្តព្រះវិហារ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក មាស ហឿ បញ្ជាក់ថា ក្នុងមួយខែៗ សមាជិករបស់លោកអាចរកចំណូលបានពី ៥០ម៉ឺន ទៅ៦០ម៉ឺនរៀល ពីការកែច្នៃដើមទ្រាំង ឲ្យទៅ ជាផលិតផលផ្សេងៗ។

តើតាមលោក យឹម ទួន ជាប្រធានសហគមន៍ស្តីទី តំបន់ការពារធម្មជាតិសម្បូរព្រៃវែង ស្ថិតក្នុងឃុំ ស្រយ៉ង់ ស្រុក គូលែន ខេត្តព្រះវិហារ ថ្លែងថា ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនចំនួនជាង ១៣០គ្រួសារ បានងាកទៅប្រកបរបរធ្វើស្រែចម្ការ មានដូចជា៖ អនុវត្តគម្រោងស្រូវការពារត្រយង ដាំដំឡូងមី និងស្វាយចន្ទីជាដើម។

លោក យឹម ទួន បញ្ជាក់ថា ក្នុងការប្រកបរបរកសិកម្ម ប្រជាសហគមន៍របស់ខ្លួនមិនបានប្រើថ្នាំគីមី ដែលនាំឲ្យអន្តរាយដល់ ពពួកសត្វស្លាបដូចជា៖ ត្រយងយក្ស និងពពួកសត្វកម្រផ្សេងទៀត ។ លោកបានបង្ហាញជំហរចូលរួមការពារដីព្រៃឈើពី ការទន្ទ្រានយកខុសច្បាប់ និងទប់ស្កាត់បទល្មើសសត្វព្រៃ ក្នុងគោលដៅទាក់ទាញទេសចរចូលទៅទស្សនា ដើម្បីនាំចំណូល ចូលដល់សហគមន៍របស់ខ្លួន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា គម្រោងស្រូវត្រយង តម្រូវឲ្យកសិករដែលជាសមាជិក អនុវត្ត តាមគោលការណ៍សំខាន់ៗ ផ្សារភ្ជាប់ជាមួយនឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ រួមមានការដាំស្រូវ ដោយ គោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិត មិនចូលកាប់ទន្ទ្រាន កាន់ កាប់ដីព្រៃ និងលក្ខខណ្ឌត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃជាដើម។

គម្រោងស្រូវត្រយង (Ibis Rice Scheme) សម្រាប់សហគមន៍រស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃនេះ ត្រូវបាន អនុវត្តលើកដំបូង នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីអភិរក្សសត្វព្រៃ ពិសេសសត្វត្រយង ចង្កំ.ក.ស និងត្រយងយក្សដែលកំពុងមានវត្តមាននៅតំបន់នោះ។ បច្ចុប្បន្ន កម្មវិធីស្រូវ កំពុងអនុវត្ត នៅក្នុងតំបន់ ការពារទេសភាព និងដែនជម្រកសត្វព្រៃនៃខេត្តព្រះវិហារ, ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ការបង្កើតមុខរបរថ្មី គឺជាជម្រើសមួយដើម្បីប្រជាពលរដ្ឋទម្លាក់មុខរបរចាស់ចូល ព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វមកប្រកបរបរផ្សេង ដែលមានចំណូលជាប្រចាំ និងមិនប្រឈមមុខច្បាប់។ សហគមន៍ តំបន់ការពារធម្មជាតិមួយចំនួនចាប់ផ្តើមផលិត ផលិតផលសិប្បកម្មកែច្នៃមួយចំនួនលក់នៅលើទីផ្សារ ការផ្តល់សេវា ទេសចរណ៍ធម្មជាតិ និងចូលរួមអនុវត្តគម្រោងលើកកម្តើងជីវភាពរបស់ខ្លួនគោលបំណង គឺកាត់បន្ថយសម្ពាធលើ ធនធានធម្មជាតិ»

លោក នេត្រ ភក្ត្រា បញ្ជាក់ថា «ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានយើងខ្ញុំ មានគោលការណ៍ផ្តល់អាហារូបករណ៍ ទៅឲ្យកូនៗរបស់ប្រជាពលរដ្ឋ នៅសហគមន៍តំបន់ការពារធម្មជាតិ ព្រោះបើសិនជាយើងមិនផ្តល់នូវការអប់រំ និងជួយដល់ជួយដល់កូនៗ របស់ប្រជាសហគមន៍ ទទួលការអប់រំខ្ពស់នោះទេ គឺពួកគាត់នៅតែរស់នៅតំបន់នេះ ហើយប្រកបដូចអ្វីដែលជីដូនជីតា ឪពុក ម្តាយរបស់គាត់ដដែល»

គម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងត្រូវបានអនុវត្តរួមគ្នា ដោយអង្គកា រសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង អង្គការសន្សំម្លប់ព្រៃ សហការជាមួយ ក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនជីវភាពរបស់ប្រជាសហគមន៍ និងទប់ស្កាត់ការទន្ទ្រានដីព្រៃ មិនឲ្យប្រជាសហគមន៍ រុករានចូលក្នុងដែនជម្រកសត្វព្រៃ។

លោក កែវ សុជាតិ នាយកអង្គការសន្សំម្លប់ព្រៃ បញ្ជាក់ថា ប្រជាសហគមន៍ដែលដាំស្រូវ ជាប្រភេទស្រូវផ្ការំដួល ដោយរដូវ ប្រមូលផលកន្លងទៅ បរិមាណស្រូវប្រហែល១,៤០០តោន ត្រូវបានប្រមូលទិញ ពីប្រជាសហគមន៍ទាំងនេះក្នុងមួយ គីឡូក្រាម តម្លៃ១.៨៥០រៀល ដែលខ្ពស់ជាងតម្លៃទីផ្សារក្នុងស្រុក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner