វិចារណកថា៖ ដំណក់ប្រេងដំបូងជាពរជ័យឆ្នាំថ្មីជូនប្រជាជនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ គឺជាខួបទី២៣ នៃទិវានយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញសម្រាប់មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង បង្កបាននូវកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែបោះជំហានឈានឡើងក្នុងល្បឿនយ៉ាងលឿនជាលំដាប់ ។ ក្នុងថ្ងៃរំឭកទៅដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសអំពីសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ដែលមិនធ្លាប់មានទាល់ តែសោះសម្រាប់ប្រទេសយើងនោះ គឺការទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់ រយៈកាលដ៏យូរមកហើយ ។ ដំណក់ប្រេងដំបូងនេះ គឺជាមនុញ្ញផលមួយថ្មីទៀតដែលបានកើតចេញមកពីកត្តាសន្តិភាព ដែលយើងទាំងអស់គ្នាកំពុងខិតខំតស៊ូប្តូរផ្តាច់ថែរក្សាមិនឲ្យបាត់បង់ទៅវិញ ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។ ដំណក់ប្រេងដំបូងនេះ ជាពរជ័យឆ្នាំថ្មីជូនប្រជាជនកម្ពុជា ជាមោទនភាពដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសជាតិយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិ (ឆ្នាំ២០១៨ – ២០២៣) គឺជំរុញការបង្កើតនូវសមិទ្ធផលថ្មីៗថែមទៀតក្នុង វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការជំរុញប្រើប្រាស់ឲ្យអស់លទ្ធភាពសក្តានុពលរបស់វិស័យឧស្សាកម្ម ក្នុងនោះគឺជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេងកាត និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឲ្យទៅជាប្រភពថ្មីសំខាន់មួយទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសការបន្ថែមសន្ទុះថ្មីសម្រាប់ធានាកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ។ ក្នុងន័យនេះ ត្រូវលើកទឹកចិត្តវិស័យឯកជនធ្វើការសិក្សាស្រាវជ្រាវ ស្វែងរុករក និងវិនិយោគលើវិស័យនេះ ដោយបន្តធ្វើការតាមដានត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាព សុខុមាល ភាព ការការពារបរិស្ថាន និងសង្គម ។ ជំរុញការអភិវឌ្ឍអណ្តូងប្រេងកាតឲ្យផលិតប្រេងដំបូងឲ្យបានឆាប់ ទន្ទឹមនឹងការពង្រឹងការគ្រប់គ្រងចំណូលដែលបានមកពីធនធានទាំងនេះ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។ អនុវត្តតាមកម្មវិធីនយោបាយ និងគោលនយោបាយខាងលើនេះ យើងក៏សម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះឡើង ហើយតាមរយៈនេះបានឆ្លុះបញ្ចាំងឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ជាប្រតិបត្តិករនៃគម្រោងដែលមកដល់ពេលនេះ បានសម្រេចនូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង ។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-OID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា ដែលនេះជាសមិទ្ធផលដ៏អស្ចារ្យមួយ ជាសក្ខីកម្មមួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយភាពស្វាហាប់ ។ ភារកិច្ចសំខាន់បន្តទៀតរបស់ក្រុមហ៊ុននេះ គឺការបញ្ចប់ការខួងប្រេងក្នុងចំណោមអណ្តូងប្រេងនៅសល់ចំនួន ៤ទៀត ឲ្យបានជោគជ័យ ដើម្បីបង្កើនការផលិតប្រេងរបស់កម្ពុជា ដែលនៅពេលនោះអណ្តូងប្រេងទាំង៥នេះ ត្រូវបានបញ្ចប់ កម្ពុជាអាចផលិតប្រេងបាន ៧៥០០បារ៉ែល ក្នុងមួយថ្ងៃ ហើយអាចឈានដល់ការបូមរយៈពេលពី ៨-៩ឆ្នាំនេះ បរិមាណប្រេងដែលអាចទទួលបានមានជាង ៣០លានបារ៉ែល ។
នេះជាការចាប់ផ្តើមជំហានដំបូងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា ។ សមិទ្ធផលនេះ ក៏នឹងផ្តល់ប្រយោជន៍ដ៏មានសារៈសំខាន់ជាច្រើនដូចជា ការបង្កើនបាននូវចំណូលថវិកាជាតិ បង្កើនបាននូវផលសេដ្ឋកិច្ចដែលទទួលបានពីការបង្កើតនូវពិពិធកម្ម ខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ ។ ទោះបីឆ្នាំនេះ ពិភពលោកទាំងមូល និយាយរួម និងនិយាយដោយឡែកប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបង្កការលំបាកសម្រាប់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែរាជារដ្ឋាភិបាលមិនគ្រាន់តែដោះស្រាយបានដោយជោគជ័យនូវផលប៉ះពាល់ទាំងនោះទេ ផ្ទុយទៅវិញបានធ្វើឲ្យសម្រេចជោគជ័យនូវបណ្តាភារកិច្ចសំខាន់ៗ ការបន្តនិរន្តរភាពនៃការអភិវឌ្ឍលើច្រើនវិស័យ ប្រកបដោយភាពវិជ្ជមាន ព្រមទាំងការបង្កើតបាននូវសមិទ្ធផលធំៗជាច្រើន ជាពិសេស គឺការទទួលបានដំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូង ហើយក៏ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា នាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូល ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជហឬទ័យ សម្តែងក្តីសោមនស្សរីករាយ អបអរសាទរចំពោះសមិទ្ធផលជាតិដ៏ធំធេងនេះថា ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី ដែលព្រះរាជាណាចក្រកម្ពុជាបានទទួលដំណក់ប្រេងលើកដំបូងស្របពេលនៃការរំឮកខួបអនុស្សាវរីយ៍ នៃការអនុវត្តដោយជោគជ័យនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណែកប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក៏បានសម្តែងអំណរសាទរ និងមានក្តីមោទនភាពយ៉ាងក្រៃលែង ចំពោះដំណក់ប្រេងលើកដំបូងនេះ ដែលជាការចាប់ផ្តើមការអភិវឌ្ឍលើវិស័យប្រេងកាត ដែលជាសក្តានុពលមួយថ្មីទៀតរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ។
ប៉ុន្តែពួកប្រឆាំង និងមជ្ឈដ្ឋានអគតិមួយចំនួនមិនបានចូលរួមត្រេកអរសាទរជាមួយប្រជាជនកម្ពុជា ដែលទទួលបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនោះទេ ពួកគេថែមទាំងសម្តែងចេញឲ្យឃើញនូវអាកប្បកិរិយា និងប្រើប្រាស់ពាក្យសម្តីច្រណែនឈ្នានីស ប្រមាថមាក់ងាយ ដោយហៅដំណក់ប្រេងដែលយើងទើបទទួលបានជាលើកដំបូងនេះថា ជាបណ្តាសារទៅវិញ ។ នយោបាយប្រឆាំងជាតិសាសន៍ឯង ខួរក្បាលបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង គំនិតបន្ទុចបង្អាក់រាំងស្ទះដំណើរអភិវឌ្ឍន៍របស់ជាតិឯង គឺជាសារជាតិដែលបង្កប់យ៉ាងជ្រៅនៅក្នុងបេះដូងពួកប្រឆាំង និងក្រុមឧទ្ទាមក្រៅច្បាប់ គ្មានពេលណាដែលអាចនឹងធ្វើឲ្យមានការប្រែប្រួលមកកាន់ភាពវិជ្ជមានវិញបានឡើយ ។ ប៉ុន្តែទោះជាពួកនេះនិយាយពីអ្វីក៏ដោយ ក៏មិនអាចរាំងខ្ទប់បាននូវដំណើរវិវត្តន៍ជាតិកម្ពុជាបានឡើយ ។ ឆ្លុះបញ្ចាំងរយៈពេល ៤២ឆ្នាំ ក្រោយថ្ងៃមហាជ័យជម្នះ ៧ មករា ក្នុងដំណើរការស្តារ កសាងជាតិឡើងវិញ យើងបានកសាងប្រទេស ដោយចាប់ផ្តើមពីបាតដៃទទេជាប្រទេសដែលរងការវិនាសខ្ទេចខ្ទាំនៅសល់តែគំនរផេះផង់ឲ្យមានការរីកចម្រើនលូតលាស់រហូតមកដល់សព្វថ្ងៃ ។ ពេលនោះយើងមានតែចន្លុះ មានតែខ្លាញ់ត្រី ហើយកុំថាឡើយប្រេងកាត សូម្បីតែប្រេងម៉ាស៊ូតសម្រាប់ដុតបំភ្លឺម្តងម្កាលនៅពេលរាត្រីក៏រកសឹងមិនបានផង ។ ប៉ុន្តែពេលនេះ ប្រទេសកម្ពុជាបានទទួលដំណក់ប្រេង និងបានប្រែក្លាយទៅជាប្រទេសផលិតប្រេងមួយនៅលើពិភពលោក និងជាប្រទេសទី៨ ក្នុងតំបន់អាស៊ាន គឺពិតជាព្រឹត្តិការណ៍ដែលត្រូវចងចាំមិនអាចបំភ្លេចបានសោះឡើយ ។
នេះជាគុណតម្លៃនៃសន្តិភាព។ ប្រសិនបើគ្មានសន្តិភាពទេ គឺពិតជាគ្មានអ្វីៗនៅថ្ងៃនេះទេ រាប់ទាំងដំណក់ប្រេងលើកដំបូងនេះផងដែរ ។ សន្តិភាពទទួលបានមកពីនយោបាយឈ្នះឈ្នះ ដោយបានបញ្ចប់សង្គ្រាមទាំងស្រុង ធ្វើឲ្យមានឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ។ យើងក៏ត្រូវតែរំឭកទៅដល់មហាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ដែលជាថ្ងៃកំណើតទីពីររបស់យើង បើគ្មានជ័យជម្នះ ៧ មករា ទេ យើងនឹងគ្មានអ្វីៗទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះដែរ ។ ជាមួយក្តីអំណរសាទរចំពោះពរជ័យឆ្នាំថ្មី ឆ្នាំ២០២១ ដែលទទួលបានជាដំណក់ប្រេងដំបូងនេះ ប្រជាជនកម្ពុជាក៏សូមអរគុណចំពោះសន្តិភាពដែលសម្រេចបានមកពីនយោបាយឈ្នះ-ឈ្នះ និងសូមប្តេជ្ញាចិត្តពង្រឹងស្មារតីនៃមហាជ័យជម្នះ ៧ មករា ឲ្យស្ថិតនៅរស់រវើកជានិច្ច ក្នុងមនសិការបស់យើងទាំងអស់គ្នាតរៀងទៅ ៕
ប្រភពៈ ទស្សនាវដ្តីប្រជាជន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner