សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏ដ៏ឆ្នើមរបស់មាតុភូមិកម្ពុជា ក្នុងយុគសម័យទំនើប

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទេសក៏ដ៏ឆ្នើមរបស់មាតុភូមិ និងប្រជាជនកម្ពុជា ដែលជីវិត និងស្នាដៃរបស់សម្តេចបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយនឹងដំណើរវិវត្តន៍បត់បែននៃព្រឹត្តិការណ៍ជាច្រើន ប្រកបដោយឧបសគ្គរាប់មិនអស់ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបនេះ ។ តាំងពីក្នុងដំណាក់កាលប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ក្រោយរដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ សម្តេចតេជោបានលះបង់យុវវ័យ ចូលរួមធ្វើការតស៊ូរំដោះជាតិ បណ្តេញសត្រូវបរទេសចេញពីកម្ពុជា និងបន្ទាប់មកបានដឹកនាំកម្លាំងតស៊ូសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ហើយចាប់ផ្តើមការដឹកនាំកសាង និងការពារប្រទេសជាតិ បង្កើតបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឲ្យមានការរីកច្រើនយ៉ាងលឿនរហូតមកដល់បច្ចុប្បន្ននេះ ។
កិត្តិយស កិត្តិនាម និងស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន បានឆ្លាក់យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ ព្រមទាំងត្រូវបានឆ្លាក់ជាប់នៅលើទំព័រប្រវត្តិសាស្ត្ររបស់កម្ពុជាជាអមតៈ ។ មហាពលិកម្មដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា រហូតដល់ការយកអាយុជីវិតទៅប្តូរ ដើម្បីសន្តិភាពរបស់ប្រទេសជាតិ និងសុភមង្គល ព្រមទាំងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា ធ្វើឲ្យប្រជាជនយើងចងចាំជានិច្ច និងសូមទុកជាគំរូ ដែលមិនអាចបំភ្លេចបាន ។
នៅឆ្នាំ១៩៧០ ក្នុងវ័យទើប ១៨ឆ្នាំ សម្តេចតេជោបានលាចាកពីការសិក្សា ទៅចូលរួមក្នុងការធ្វើសង្គ្រាមរំដោះជាតិតាមការអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ។ ក្រោយពេលដែលប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានបង្កើតឡើង និងបានអនុវត្តនយោ បាយសម្លាប់ប្រជាជន បំផ្លិចបំផ្លាញ ធ្វើឲ្យសង្គមជាតិដួលរលំ រលត់រលាយដល់ឫសគល់ ។ ជាថ្មីម្តងទៀត នៅយប់ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន រួមដំណើរដោយយុទ្ធមិត្តដ៏ស្មោះត្រង់ ៤រូបទៀត បានចាកចេញពីគ្រួសារជាទីស្រឡាញ់ ចាកចោលមាតុភូមិជាទីស្នេហា ចេញទៅបង្កើតឡើងនូវចលនាតស៊ូ ដែលមានឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយអ្នកស្នេហាជាតិជាច្រើនទៀត ក្រោកឡើងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ ។ នៅថ្ងៃទី៨ ខែ មករា ក្រោយប្រទេសជាតិត្រូវបានរំដោះមួយថ្ងៃ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាត្រូវបានបង្កើតឡើង ពេលនោះសម្តេចតេជោ ហ៊ុន សែន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកជារដ្ឋមន្ត្រីក្រសួងការបរទេស ។ ក្រោយការបោះឆ្នោតជ្រើសតាំងរដ្ឋសភា នៅឆ្នាំ១៩៨១ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានប្រសូតិឡើងដោយ សម្តេចតេជោបានទទួលមុខតំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតជាប់ជាឯកច្ឆ័ន្ទ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្ទាប់មកជារដ្ឋកម្ពុជា រហូតដល់ឆ្នាំ១៩៩៣ ។ ក្រោយពេលដែលសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតសកល ឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តតួនាទីដឹកនាំប្រទេសកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រី ៦អាណត្តិ ជាប់គ្នា ។ សម្តេចតេជោនឹងបន្តឈរឈ្មោះជាបេក្ខ ជននាយករដ្ឋមន្ត្រីតែម្នាក់គត់របស់គណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិតទៅមុខទៀត ដែលនោះគឺជាបំណងប្រាថ្នា និងជាសំណូមពរ ជាសារវ័ន្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

ក្នុងរយៈពេល ៤២ឆ្នាំ កន្លងទៅនេះ ជាពិសេសក្នុងពេលវេលា ៣៦ឆ្នាំ (១៤ មករា ១៩៨៥ – ១៤ មករា ២០២១) ស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ដោយទទួលបានស្នាដៃធំៗជាប្រវត្តិសាស្ត្រ ។ ក្រោយប្រទេសជាតិត្រូវបានរំដោះភ្លាម ភារកិច្ចការពារ កសាង និងស្តារមាតុភូមិឡើងវិញ ត្រូវបានអនុវត្តជាបន្ទាន់ និងធ្វើឲ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ បង្កបានជាបុព្វបទសម្រាប់ការដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ រហូតឈានទៅដល់ការចរចាររវាងភាគីនានា ដើម្បីបញ្ចប់ជម្លោះ ធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី រដ្ឋធម្មនុញ្ញថ្មីបានប្រសូតឡើង ការបង្កើតនូវរបបរាជានិយមទីពីរ និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានជំហានលូតលាស់ជាលំដាប់ ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបាននាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជានៅឡើយទេ អាស្រ័យដោយពួកឧទ្ទាមខ្មែរក្រហមនៅតែបន្តធ្វើសង្គ្រាមបំផ្លិចបំផ្លាញបង្កឲ្យមានអសន្តិសុខក្នុងផ្ទៃប្រទេស ធ្វើឲ្យកម្ពុជានៅតែមានតំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ និងកម្លាំងប្រដាប់អាវុធពីរ ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ដែលមានភាពឈ្លាសវៃ និងមានបទពិសោធន៍ជោគជាំនៅក្នុងការងារដឹកនាំប្រទេស បានដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ធ្វើឲ្យសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ១៩៩៨ ។ នយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវរលំរលាយ បង្កើតបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសដ៏មានតម្លៃបំផុត ដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ ។ ដោយឡែកវិស័យសេដ្ឋកិច្ច សង្គម នៅឆ្នាំ១៩៧៩ ប្រទេសកម្ពុជាសល់តែគំនរផេះផង់ ជីវភាពប្រជាជនគ្របដណ្តប់ដោយភាពក្រីក្រ និងជួបគ្រោះទុរ្ភឹក្ស បច្ចុប្បន្នបានក្លាយទៅជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសឯកទត្តកម្មខាងការអភិវឌ្ឍលើពិភពលោក ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត ដោយមានកំណើនជាមធ្យមក្នុងអត្រាជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ទសវត្សចុងក្រោយ និងបានឆ្លងកាត់ដោយជោគជ័យពីចំណាត់ថ្នាក់នៃប្រទេសមានចំណូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឆ្ពោះទៅគោលដៅចក្ខុវិស័យ ដើម្បីក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ ពេលនេះទោះបីជាប្រទេសយើងកំពុងប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងម៉ឺងម៉ាត់របស់សម្តេចតេជោ យើងនៅតែគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អ និងសង្ឃឹមថា កម្ពុជានៅតែទទួលបានលទ្ធផលជាវិជ្ជមានពីការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងឆ្នាំ២០២១ និងបណ្តាឆ្នាំខាងមុខ ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តដោយជោគជ័យនូវនយោបាយការបរទេស ដោយប្រកាន់ខ្ជាប់គោលការណ៍គ្រឹះ គឺ អព្យាក្រិតភាពអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ សំដៅបម្រើ លើកស្ទួយ និងការពារផលប្រយោជន៍គោលរបស់ជាតិនោះគឺ ការការពារបានយ៉ាងរឹងមាំនូវខឿនឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព ។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍អន្តរជាតិ តាមរយៈវេទិកានានា ធ្វើឲ្យតួនាទីរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់ ស្មើមុខ ស្មើមាត់ និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេស ។ ប៉ុន្តែរាល់ជោគជ័យ និងសមិទ្ធផលទាំងឡាយដែលកម្ពុជា សម្រេចបានសុទ្ធតែឆ្លងកាត់នូវការលំបាក និងឧបសគ្គរាប់ម៉ឺនជំពូក ។ ចាប់តាំងពីប្រទេសជាតិត្រូវបានសង្គ្រោះចេញពីរបបប៉ុលពត រហូតមកដល់ថ្ងៃនេះ ពួកប្រឆាំង ព្រមទាំងមជ្ឈដ្ឋានអគតិនៅខាងក្រៅ បានរិះរកគ្រប់វិធីផ្តួលរំលំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើសកម្មភាព និងប្រើប្រាស់ឧបាយកលសព្វបែបសព្វយ៉ាង ហើយចុងក្រោយគឺ ការបង្កើតអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជា ប៉ុនប៉ងបង្កើតឲ្យមានសង្គ្រាម និងការបង្ហូរឈាមជាថ្មីឡើងវិញ ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសន្តិភាពរបស់កម្ពុជា បានធ្វើឲ្យល្បិចកលទាំងឡាយរបស់ពួកទាំងនោះ ទទួលបរាជ័យជាបន្តបន្ទាប់ ។ សន្តិភាព និងស្ថិរភាពនយោបាយនៅតែត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ក្រោមការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមរបស់ប្រជាជនកម្ពុជា មិនឲ្យបាត់បង់ទៅវិញបានឡើយ ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។
សម្តេចតេជោ ហ៊ុន សែន មានអតីតភាពជាកូនកសិករ ជាក្មេងវត្ត ជាអតីតយុទ្ធជនក្នុងសមរភូមិ ប្រយុទ្ធដោយអាវុធ បានក្លាយមកជាយុទ្ធជនដែលមានវ័យក្មេងដ៏អង់អាចក្លាហាន ឈរប្រយុទ្ធនៅលើសមរភូមិការទូត សមរភូមិនយោបាយ និងសេដ្ឋកិច្ច ជាអ្នកដឹកនាំសំបូរទៅដោយបទពិសោធន៍ មានចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាពជំនាញខ្ពស់ក្នុងការវាយតម្លៃ និងប៉ាន់ស្មានសភាពការណ៍ មានភាពឈ្លាសវៃក្នុងការដាក់ចេញផែនការការងារជាយុទ្ធសាស្ត្រ មិនដែលមានការភ្លាំងភ្លាត់ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាក្តីសង្ឃឹម និងជាបង្អែកដ៏រឹងមាំរបស់ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ៕
អត្ថបទៈ ទស្សនាវដ្តីប្រជាជន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner