ឃ្លាន Steak មែនទេ? ម្ហូប២មុខនេះ កំពុងតែល្បីនៅម្ដុំទួលទំពូង

អត្ថបទដោយ៖
AMS

នៅសុខៗក៏មានអារម្មណ៍ចង់ញ៊ាំស្តេករសជាតិឆ្ងាញ់ ចង់អង្គុយញ៊ាំក្នុងហាងដែលមានបរិយាកាសស្រស់ស្រាយ និងមានផាសុកភាព? សូមណែនាំហាងមួយកន្លែងដែលមានឈ្មោះថា Penh Steak and Grill មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ និងល្បីថាមានស្តេករសជាតិឆ្ងាញ់ តម្លៃសមរម្យទៀត! 

ជិះកាត់លើផ្លូវ ១៣៥ ក្រោយវិទ្យាល័យទួលទំពូង កុំភ្លេចងាកមើលនៅខាងស្តាំដៃ អ្នកនឹងបានឃើញអ្វីហុយៗនៅពីមុខជាមិនខាន នោះគឺជាការចម្អិនស្តេកដ៏ជំនាញពីចុងភៅរបស់ Penh Steak and Grill។ បើបានទៅដល់ទីនោះគេមិនភ្លេចឡើយក្នុងការ កម្មង់អាហារទាំង ២ មុខនេះ៖

១. Grill Australian Rump Steak 

វាជាប្រភេទស្តេកសាច់គោអូស្ត្រាលី ត្រង់ផ្នែកត្រកៀក ផុយល្អណាស់! មិនមែនមានតែសាច់ទេ តែក្នុងនោះមានការផ្តល់ជូនជាមួយបាយ សាឡាដ និងដំឡូងបារាំងបំពង ក្នុងចានតែមួយផងដែរ។ សម្រាប់សាច់វិញ មិនស្វិតនោះទេ ស្រស់ល្អ ហើយភ្ញៀវក៏អាចកម្មង់កម្រិតទៅតាមចំណង់ចំណូលចិត្តផងដែរ ចាប់ពីចន្លោះ ១៥ ភាគរយ រហូតដល់ ១០០ ភាគរយ។ សាកសមសម្រាប់អ្នកចូលចិត្តញ៊ាំស្តេកសាច់គោពិតប្រាកដ ព្រោះមានចំណុះច្រើន ជាពិសេសតម្លៃសមរម្យ កាន់តែមិនខកចិត្ត គឺរសជាតិពិតជាសមនឹងតម្លៃ។ សូម្បីទឹកជ្រលក់ក៏ផ្សំគ្រឿងត្រឹមត្រូវ មិនផ្អែមពេក មិនជូរពេក ជារួមជ្រលក់ជាមួយសាច់គោជ្រាបចូលមាត់ត្រូវគ្រឿងល្អ។

តម្លៃ៖ ៧.៥០ ដុល្លារ

២. Grill Chicken Steak 

Chicken Lover ច្បាស់ជាពេញចិត្តជាមួយរសជាតិតែម្តង ព្រោះសាច់មាន់ដែលចម្អិនមិនឆៅ ឬធុំក្លិនឆ្អាបដូចហាងមួយចំនួននោះទេ។ ឈុតស្តេកសាច់មាន់នេះក៏មិនខុសពីសាច់គោដែរ មានបាយ សាឡាដ និងដំឡូងបារាំងបំពងដូចគ្នា។ ទាស់ត្រង់ថា សាច់មាន់មានប្រឡាក់គ្រឿងតិចៗ ពេលញ៊ាំទៅមិនបាច់ជ្រលក់ទឹកជ្រលក់ក៏ឆ្ងាញ់ដែរ។ ដោយឡែក ទឹកជ្រលក់សាច់មាន់មានរសជាតិជូរប្រៃ ល្មមញ៊ាំជាមួយបាយ អាចញ៊ាំជាអាហារថ្ងៃត្រង់ក៏បាន អាហារពេលយប់ក៏បាន។ 

តម្លៃ៖ ៤.០០ ដុល្លារ

ក្រៅពីស្តេក Penh Steak and Grill ក៏មានបម្រើអាហារផ្សេងៗដូចជា សាឡាដ ស្ប៉ាកាទី ប៊ឺហ្គឺ អាហារសម្រន់ និងភេសជ្ជៈដទៃទៀត។ 

អាសយដ្ឋាន៖ ផ្លូវលេខ ១៣៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ។ ម៉ោងបើកដំណើរការ៖ ១១ ថ្ងៃត្រង់ ដល់ ៩ យប់។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner