ក្រុមហ៊ុន Apple កំពុងសម្លឹងរកក្រុមហ៊ុនថ្មីមួយ ដើម្បីជួយផលិតរថយន្តអគ្គិសនីរបស់ខ្លួន ក្រោយបែកធ្លាយព័ត៌មានផ្អាកកិច្ចសហការជាមួយក្រុមហ៊ុន Hyundai
អាមេរិក៖ គម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ជាមួយក្រុមហ៊ុន Hyundai ត្រូវបានផ្អាក ដោយប្រភពមិនច្បាស់ការមួយបានបង្ហើបឱ្យដឹងថា Apple បានទាក់ទងនឹងទៅកាន់ក្រុមហ៊ុនផលិតរថយន្តផ្សេង ដើម្បីផលិត Apple Car ជំនួសឱ្យ Hyundai ។
ប្រភពបានអោយដឹងថា មូលហេតុដែលនាំឱ្យ Apple ផ្អាកការពិភាក្សាជាមួយនឹង Hyundai គឺដោយសារតែ Apple មានការអន់ចិត្តទៅនឹង Hyundai ដែលធ្វើឱ្យបែកធ្លាយនូវព័ត៌មានសម្ងាត់ទាក់ទងនឹងការផលិតរថយន្តអគ្គិសនីរបស់ Apple ខណៈខ្លួនបានរក្សាការសម្ងាត់នេះអស់រយៈពេលជាយូរមកហើយ ។
បើតាមការរំពឹងទុកនោះ ក្រុមហ៊ុន General Motors Co (GM) អាចនឹងក្លាយជាគោលដៅតែមួយប៉ុណ្ណោះ ដែលអាចសហការជាមួយនឹងក្រុមហ៊ុន Apple បាន ពីព្រោះក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាមេរិកមួយនេះ មានលក្ខណៈផ្សេងៗជាច្រើន ដែលសមស្របទៅនឹងការចង់បានរបស់ Apple ៕ ប្រភព៖ Reuters