អង្គការសុខភាពពិភពលោកសម្តែងការព្រួយបារម្ភ ក្រោយផ្ទុះជំងឺអេបូឡាសាជាថ្មីទៀតក្នុងប្រទេសអាហ្វ្រិកចំនួនពីរ
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភ ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនៃជំងឺ អេបូឡា នៅក្នុងប្រទេសអាហ្វ្រិកចំនួនពីរ ។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក អាដាណម ហ្គេប្រេយ៉េសឹស បានបញ្ជាក់ក្នុងសន្និសិទសារព័ត៌មានថា អាជ្ញាធរក្នុងប្រទេសហ្គីណេបានប្រកាសពីឆ្លងរាតត្បាតដាច់ដោយឡែកមួយនៃជំងឺអេបូឡា ក្រៅពីការផ្ទុះមួយត្រូវបានរកឃើញនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីសប្តាហ៍មុន ។ បើតាមអគ្គនាយក (WHO) ០៤ករណីត្រូវបានគេរាយការណ៍រកឃើញនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង០៣ករណីទៀតនៅហ្គីណេ ខណៈអង្គការសុខភាពពិភពលោកក៏បាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ ជាមួយអាជ្ញាធរសុខាភិបាលរបស់ប្រទេសទាំងពីរផងដែរ ។
គួរបញ្ជាក់ផងដែរថា ការផ្ទុះវីរុស អេបូឡា នៅអាហ្វ្រិកខាងលិចកាលពីឆ្នាំ២០១៤-២០១៦កន្លងទៅ បានសម្លាប់ជីវិតមនុស្សរហូតដល់ជាង១ម៉ឺន១ពាន់៣រយនាក់ ដោយមានករណីឆ្លងជាង២ម៉ឺន៨ពាន់៦រយករណីឯណោះ ៕ ប្រភព៖ ស៊ីនហួរ