លោក ដូណាល់ ត្រាំ អះអាងថា លោកអាចនឹងឈរឈ្មោះសម្រាប់មុខតំណែងប្រធានាធិបតីអាមេរិកទៀតនៅឆ្នាំ២០២៤
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញ បានបង្ហើបថា រូបលោកអាចនឹងឈរឈ្មោះសម្រាប់មុខតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកសាជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ខាងមុខនេះ ។
អតីតប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ក្នុងសន្និសិទអភិរក្សក្នុងទីក្រុង អរលែនដូ រដ្ឋ ផ្ល័ររីដា ថា យើងជួបជុំគ្នារសៀលនេះ ដើម្បីនិយាយពីអនាគត គឺនិយាយពីអនាគតរបស់យើង… និយាយពីអនាគតគណបក្សរបស់យើង និងនិយាយពីអនាគតប្រទេសជាតិជាទីស្រឡាញ់របស់យើង ។ ជាមួយគ្នានេះ លោក ត្រាំ បានច្រានចោលពាក្យចចាមអារ៉ាមដែលថា លោកប្រហែលជាបង្កើតគណបក្សនយោបាយថ្មី ដោយនិយាយថា នោះជាប្រការល្អមែនទេ? បើយើងចាប់ផ្តើមគណបក្សថ្មី គឺយើងមានតែបំបែកសំឡេងរបស់យើងតែប៉ុណ្ណោះ ដូច្នេះយើងនឹងមិនដែលឈ្នះឡើយ ។ យើងមានគណបក្សសាធារណៈហើយ… យើងនឹងនៅតែបន្តសាមគ្គីគ្នា និងរឹតតែខ្លាំងជាងមុនទ្វេឡើង ។
នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ ក៏បានធ្វើការរិះគន់យ៉ាងចាស់ដៃអំពីអ្នកបន្តវេនថ្មីរបស់លោក គឺលោក ចូ បៃដិន ដោយបាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកបានចេញពីអាមេរិកដំបូងទៅអាមេរិកចុងក្រោយ ៕ ប្រភព៖ Reuters