តម្លៃម៉ាសហាក់នៅទ្រឹងបន្ទាប់ពីការផ្ទុះជំងឺកូវីដ-19 ម្ដងហើយម្ដងទៀត

ភ្នំពេញ ៖ គេនៅចាំបានថា ព្រឹត្តិការណ៍នៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូវីដ-19កាលពីចុងត្រីមាសទី1 ឆ្នាំ2020កន្លងទៅ បានធ្វើឱ្យអាជីវកម្មលក់​ម៉ាស់ទទួលបានផលចំណេញយ៉ាងគំហុក។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍ទី៣នៃឆ្លងក្នុងសហគមន៍ដែលកំពុងកើតមាននៅកម្ពុជា អាជីវកម្មមួយនេះ​ហាក់មិនសូវផុសផុលដូចឆ្នាំមុននោះទេ ហើយតម្លៃក៏សូវមានឡើងថ្លៃខ្លាំងនោះដែរ ខណៈដែលមានរោងចក្រមិនតិចជាង10នោះទេដែលកំពុងដំណើរ​ការផលិតនៅក្នុងប្រទេសកម្ពុជា។

លោក មិន សារុន ជាអាជីវករលក់ដូរនៅផ្សារស្រុកអង្គស្នួល ខេត្តកណ្ដាលបានមានប្រសាសន៍ថា តម្លៃម៉ាស់នៅខណៈពេលនេះពុំសូវមានការប្រែប្រួលខ្លាំងទេ ដោយតម្លៃទិញចូលចន្លោះ4,500រៀល ទៅ 5,000រៀល ក្នុង1ប្រអប់ ដែលក្នុង1ប្រអប់មាន 50ម៉ាស់ ហើយលក់ចេញវិញបានតម្លៃប្រមាណ 8,000-10,000រៀលក្នុង1ប្រអប់។ ដោយឡែកការលក់រាយវិញលោកលក់បានម៉ាស់1តម្លៃ 500រៀល ឬក៏ម៉ាស់10ក្នុងតម្លៃ 2500រៀល។ 

លោកក៏បានបញ្ជាក់ទៀតថា តម្លៃនេះអាចមានទាបជាងនេះទៀត អាស្រ័យទៅតាមប្រភេទម៉ាស់ដែលគេទទួលពីម៉ូយយកមកលក់បន្ត។ តម្លៃម៉ាស់មិនខ្ពស់ដូចកាលពីផ្ទុះជំងឺកូវីដលើកដំបូងទេដែល១ប្រអប់មានតម្លៃរហូតដល់ 60,000រៀល ហើយអាចលក់រាយម៉ាស់1 ក្នុងតម្លៃ1,000រៀល ឬខ្ពស់ជាងនេះ ហើយការលក់មានការកើនខ្លាំងដែលគាត់រកម៉ាស់មកលក់ស្ទើរពុំបានទៀតផង។ ប៉ុន្តែបច្ចុប្បន្ននេះ ដ្បិតតែម៉ាស់ពុំមានតម្លៃថ្លៃខ្លាំង និងលក់ដាច់ដូចកាលពីប៉ុន្មានខែមុនក៏ដោយ តែការលក់របស់គាត់នៅមានដំណើរការជារឿយៗដោយក្នុង 1ខែគាត់លក់អស់ជាមធ្យម 10ប្រអប់ខ្ទង់ប្រមាណ 500ម៉ាស់។ ​ 

ដូចគ្នានេះដែរ អ្នកនាង យឿន បុប្ផា ជាបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងផងដែរថា៖« តម្លៃម៉ាស់នៅលើទីផ្សារបច្ចុប្បន្នត្រឹម 2-3ដុល្លារក្នុង1ប្រអប់នេះ គឺវាសមរម្យដែលយើងអ្នកធ្វើការ ឬអ្នកធ្វើការរោងចក្រអាចទិញប្រើបានដោយមិនចំណាយខ្លាំងទៅលើម៉ាស់ហ្នឹង»។

ស្រដៀងគ្នានេះ កញ្ញា ថូ លាងឆេង ជានិស្សិតឱសថសាស្រ្តបានប្រាប់ផងដែរទៀតថា តម្លៃម៉ាស់1ប្រអប់ត្រឹម 2-3ដុល្លារនេះវាល្មមសម្រាប់ទិញយកមកប្រើ ព្រោះអាជីពជាពេទ្យត្រូវការប្រើម៉ាស់ជាប្រចាំ។ កញ្ញាបានបន្ថែមទៀតថា តម្លៃនេះវាប្រហាក់ប្រហែលទៅនឹងតម្លៃម៉ាស់កាលពីមិនទាន់មានការរីករាលដាលជំងឺកូវីដក្នុងសហគមន៍ ខុសត្រង់ថាវាគ្មានម៉ាស់ច្រកថង់3000រៀលដូចមុនទៀតនោះទេ។

គួរបញ្ជាក់ដែរថា តម្លៃម៉ាស់នាពេលនេះហាក់មានភាពសមល្មមដែលបងប្អូនប្រជាពលរដ្ឋខ្មែរអាចធ្វើការជាវយកមកប្រើប្រាស់ដោយសប្បាយចិត្ត ដើម្បីការពារសសុវត្ថិភាព និងសុខភាព បង្ការខ្លួនឱ្យឆ្ងាយពីការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ និងបានឆក់យកជីវិតប្រជាជនខ្មែរចំនួន៤នាក់រួចទៅហើយ គិតត្រឹមព្រឹកថ្ងៃទី23 ខែមីនា ឆ្នាំ2021។ សូមចូលរួមអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ជាពិសេស ប្រកាន់ខ្ជាប់ 3កុំ 3ការពារ ជានិច្ច ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក គ្រួសារ និងប្រទេសជាតិរបស់អ្នក៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner