ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវបានបើកចំហរ ទទួលស្វាគមន៍ចំពោះទស្សនកិច្ចស្វែងយល់ពីគ្រប់មជ្ឈដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់នាដំណាច់ឆ្នាំ២០២០ ហើយចាប់ពីដើមឆ្នាំ២០២១តទៅ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវបានបើកចំហរ ទទួលស្វាគមន៍ចំពោះទស្សនកិច្ចស្វែងយល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់។

ឯកឧត្តមអះអាងថា នេះជាផែនការកម្មវិធីរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបើកឱកាសទូលាយជូនដល់សិស្ស និស្សិត យុវជន មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សម្រាប់កិច្ចការស្រាវជ្រាវស្វែងយល់ កម្សាន្ត ទេសចរណ៍ ដើម្បីធ្វើឲ្យពហុកីឡដ្ឋានជាតិមរតកតេជោ ក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ការសិក្សាថ្មីមួយ កន្លែងអប់រំថ្មីមួយ ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យពួកគាត់ស្រឡាញ់កីឡា ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់គ្រប់គ្រឹះស្ថានសិក្សា គ្រប់ក្រសួងស្ថាប័ន ដែលចង់ទៅធ្វើទស្សនកិច្ចស្វែងយល់ពីភាពលេចធ្លោ ភាពអស្ចារ្យ ដើម្បីផ្សព្វផ្សាយពីកេរ្តិ័ដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា សូមមហាជនរង់ចាំទទួលនូវសមិទ្ធផលដ៏អស្ចារ្យថ្មីមួយនេះទាំងអស់គ្នា នាដើមឆ្នាំ២០២១តទៅ ហើយយើងនឹងធ្វើកម្មវិធីនានាឲ្យបានល្អប្រសើរ ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងគោលបំណងឲ្យគាំទ្រដល់ដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ នេះជាសារដ៏សំខាន់ ដែលយើងខ្ញុំនឹងត្រៀមទទួលស្វាគមន៍ យ៉ាងកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ចាប់ពីឆ្នាំ២០២១ តទៅ យើងមានផែនការច្បាស់លាស់ ដូចជាបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងស្នាដៃគូររូបដោយដៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីយកស្នាដៃទាំងនោះ ទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ នាពេលស៊ីហ្គេម ឆ្នាំ២០២៣ ទៀត។ នេះជាគំនិតបំផុសស្មារតីឲ្យកូនខ្មែរចូលរួមចំណែកក្នុងគោលដៅស៊ីហ្គេម ២០២៣។ ក្រៅពីនេះ យើងក៏មានកម្មវិធីជាច្រើនទៀត ដើម្បីសម្រួចគោលដៅឲ្យគ្រប់ផ្នែកទាំងអស់ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នៃស៊ីហ្គេម ជាលើកដំបូងរបស់កម្ពុជា ក្រោយពីប្រជាពលរដ្ឋខ្មែរទទួល បាននូវមរតកនៃហេដ្ឋារចនាសម្ព័ន្ធដ៏មហាសាលនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់យ៉ាងសកម្ម ដោយតាមគម្រោងនឹងបញ្ចប់ការសាង់សង់ជាស្ថាពរ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner