IMF ព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងកើនពី -៣,៥% នៅឆ្នាំ២០២០ ដល់ ៤,២% នៅឆ្នាំ២០២១
ការព្យាករណ៍នោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដែលរៀបចំដោយនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងអំឡុងកិច្ចប្រជុំនាទិឃរដូវប្រចាំឆ្នាំ២០២១ របស់មូលធិនិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក តាមរយៈប្រព័ន្ធអនឡាញ។ ភាគីកម្ពុជាដឹកនាំចូលរួមដោយលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។
កិច្ចប្រជុំនោះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាសដល់តំណាងប្រទេសសមាជិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាចពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនិងទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ីនឹងមានភាពប្រសើរឡើងវិញ ដោយកំណើននឹងកើនពី -១,៥% នៅឆ្នាំ២០២០ ដល់ ៧,៦% នៅឆ្នាំ២០២១ ដោយសារកំណើនតម្រូវការប្រើប្រាស់និងការវិនិយោគក្នុងវិស័យឯកជន ក្នុងនោះ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថានឹងកើនពី -៣,៥% នៅឆ្នាំ២០២០ ដល់ ៤,២% នៅឆ្នាំ២០២១។
ដូចបណ្តាប្រទេសនានាជុំវិញពិលោកដែរ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ បានជួបប្រទះនូវកំណើនអវិជ្ជមានដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩។ ទោះយ៉ាងណា អត្រាអតិផរណាកម្ពុជាស្ថិតក្នុងកម្រិតទាបប្រមាណ ២,៩% អត្រាប្តូរប្រាក់ប្រែប្រួលក្នុងកម្រិតទាបជាង ១% ស្របពេលដែលទុនបម្រុងអន្តរជាតិត្រូវបានគរពូនជាលំដាប់ដែលអាចធានាការនាំចូលទំនិញនិងសេវាបាន១១ខែ ដែលរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃនិងតុល្យភាពម៉ាក្រូសេដ្ឋកិច្ច៕