យន្តហោះដ៏ធំមហិមាររបស់ពិភពលោក Stratolaunch ទទួលជោគជ័យ ក្នុងការសាកល្បងជាលើកទីពីរ

បរទេស៖ យន្តហោះ Stratolaunch ដែលជាប្រភេទយន្តហោះដ៏ធំមហិមាររបស់ពិភពលោក បានហោះជាលើកទីពីរកាលពីពេលថ្មីៗនេះ ដោយហោះទៅកាន់ផ្ទៃមេឃនៅលើវាលខ្សាច់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
យន្តហោះម៉ាស៊ីន៦ដែលមានស្លាបវែងជាងគេបំផុតលើពិភពលោកនេះ បានហោះចេញពីផែអវកាស ម៉ូចេវ ពោលគឺ២ឆ្នាំគត់ ក្រោយការហោះហើរលើកដំបូងរបស់វា បន្ទាប់ពីការផ្លាស់ប្តូរម្ចាស់ថ្មី និងគោលបំណងរបស់យន្តហោះ ។ ប្រហែលជា៣ម៉ោងក្រោយមក យន្តហោះខ្នាតយក្សមួយនេះ បានចុះចតលើកង់ទាំង២៨ របស់វាដោយសុវត្ថិភាព ហើយក្រុមហ៊ុន Stratolaunch បានហៅការធ្វើតេស្តហោះហើរនេះថា “ជោគជ័យ” ។
យន្តហោះតួភ្លោះនេះ មានស្លាបប្រវែង១១៧ម៉ែត្រ ។ វាត្រូវបានបង្កើតឡើងដោយសហស្ថាបនិកក្រុមហ៊ុន Microsoft លោក ផូល ជី អាល់ឡិន ដែលស្លាប់ក្នុងពេលតែប៉ុន្មានខែ មុនពេលវាហោះហើរជាលើកដំបូងនៅខែមេសា ឆ្នាំ២០១៩ ។ លោក អាល់ឡិន មានបំណងប្រើវាជាយន្តហោះដឹករ៉ុក្កែត សម្រាប់ការបាញ់បង្ហោះឡើងទៅទីអវកាស ដោយភ្ជាប់រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបនៅចំកណ្តាលស្លាប ហើយបញ្ចេញវានៅរយៈកម្ពស់ខ្ពស់ ។ ក្រោយមកម្ចាស់ថ្មី មានបំណងប្រើវាជាយន្តហោះដឹកយានស្រាវជ្រាវលឿនជាងសំឡេងដែលអាចប្រើឡើងវិញបាន ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner