មន្រ្តីជាន់ខ្ពស់ចិនចេញមុខបន្ធូរបន្ថយកម្តៅ ក្រោយបណ្តាសារព័ត៌មានលោកខាងលិចជាច្រើនបានចេញផ្សាយអំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន

ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន អះអាងថា ហានិភ័យគឺស្ថិតនៅក្នុងកម្រិតទាបបំផុត ខណៈការអះអាងបែបនេះ គឺជាការឆ្លើយតបចំពោះបណ្តាសារព័ត៌មានលោកខាងលិច ដែលកំពុងចេញផ្សាយយ៉ាងច្រើនជុំវិញការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន ។
លោក វ៉ាង វិនពីន បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់ ហើយថា បំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី ។ ចិនក៏បានសន្យាផ្តល់ព័ត៌មានបន្ថែមទៀត ជុំវិញបញ្ហាខាងលើនេះដែរ នៅក្នុងពេលដែលសមរម្យ ។ បើតាមអ្នកជំនាញយោធាអាមេរិកបានរំពឹងទុកថា កំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន នឹងធ្លាក់មកលើផ្ទៃផែនដីវិញ នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយថែមទាំងបានព្រមានដែរថា គេមិនទាន់អាចកំណត់ពីទីតាំង ដែលកំណាត់រ៉ុក្កែតនោះ នឹងត្រូវធ្លាក់លើឲ្យបានច្បាស់លាស់នៅឡើយទេ ។
សូមជម្រាបថា កំណាត់ស្នូលធំមួយនៃគ្រាប់រ៉ុក្កែតរបស់ប្រទេសចិន កំពុងតែធ្លាក់សំដៅចុះមកកាន់ផ្ទៃផែនដីវិញ ក្រោយវាត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូនបន្ទប់សម្រាប់សាងសង់ស្ថានីយអវកាសចិន ធានហ៊ី (Tianhe) ឡើងទៅកាន់ទីអវកាស ។ បន្ទប់ស្ថានីយអវកាសទី១ ធានហ៊ី ត្រូវបានរុញច្រានដល់គន្លងគោចរត្រឹមត្រូវ និងសុវត្ថិភាព ប៉ុន្តែកំណាត់រ៉ុក្កែតដែលរុញច្រាន វាបានធ្លាក់ខុសគន្លងដែលត្រូវបានកំណត់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner