កូវិដ៖ នាយករដ្ឋមន្ត្រីថៃចង់ឲ្យលក់ដូរនៅតំបន់ក្រហមវិញ ទោះស្លាប់ប្រចាំថ្ងៃកើនជាង៣០នាក់ហើយ
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយ នៅថ្ងៃទី១១ ឧសភា ២០២១នេះថា លោកមានបំណងចង់ឲ្យបើកដំណើរការអាជីវកម្មនៅតំបន់ក្រហមឡើងវិញ ទោះអត្រាឆ្លងនិងស្លាប់ព្រោះកូវីដនៅតែមិនទាន់ថមថយក្នុងប្រទេស។
លោកថា លោកចង់ឲ្យមានការបើកលក់ដូរឡើងវិញ កាន់តែឆាប់ កាន់តែល្អ ហើយលោកបានបញ្ជាទៅដល់អភិបាលរាជធានី ខេត្ត ពិចារណាប្រចាំថ្ងៃក្នុងការបន្ធូរបន្ថយការរឹតបន្តឹងគ្រប់គ្រង់ជំងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ថៃរូបនេះបានអះអាងថា គ្រប់អភិបាលទាំងនោះគួរពិចារណាពីអាជីវកម្មនិងសកម្មភាពណាដែលអាចបន្តឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋត្រលប់ទៅរកជីវិតធម្មតាកាន់តែច្រើន។ លោកបញ្ជាក់ថា គួរថ្លឹងថ្លែងពីតុល្យភាពរវាងសេដ្ឋកិច្ចនិងសុខភាពសាធារណៈ។ តែលោកលើកទឹកចិត្តពលរដ្ឋក្នុងសហគមចាក់វ៉ាក់សាំង ដើម្បូសុវត្ថិភាព។
ការបង្ហាញបំណងនេះធ្វើឡើង ខណៈថ្ងៃនេះ ថៃបានប្រកាសពីអ្នកជំងឺស្លាប់៣១នាក់ ឆ្លងថ្មីជិត២ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ រលកទី៣ បច្ចុប្បន្ន បណ្តាលឲ្យថៃឆ្លងប្រចាំថ្ងៃ មិនក្រោម១ពាន់នាក់ទេ ហើយស្លាប់វិញ មិនក្រោម១០នាក់ដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍