រន្ទះបាញ់សម្លាប់មនុស្សម្នាក់ នៅខេត្តកំពង់ស្ពឺ (Video Inside)
បុរសម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅក្នុងពេលស្ថិតក្នុង Kiosk ចាំដីឡូតិ៍មួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ។ កម្ពុជា ដែលកំពុងឈានចូលក្នុងរដូវវស្សានាពេលនេះ មនុស្សមួយចំនួនត្រូវគេរាយការណ៍ជាបន្តបន្ទាប់ជុំវិញករណី ស្លាប់និងរបួសដោយសារតែរន្ទះបាញ់។
ក្នុងហេតុការណ៍ចុងក្រោយមួយ បុរសអាយុ៣២ឆ្នាំម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់វេលាល្ងាចថ្ងៃទី១០ឧសភានៅក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ក្នុងពេលស្ថិត ក្នុងKiosk ចាំដីឡូតិ៍។
សេចក្តីរាយការណ៍រវាងពីខែមេសាឈានចូលក្នុងខែឧសភានេះ បានបង្ហាញនូវករណីរន្ទះ បាញ់ បានសម្លាប់មនុស្ស៩នាក់, ធ្វើឲ្យរបួស៤នាក់, ស្លាប់គោក្របី៩ក្បាល ក្នុងហេតុការណ៍គ្រោះរន្ទះបាញ់នៅ ខេត្តចំនួន៧ គឺមណ្ឌលគីរី, កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ធំ, ខេត្តបាត់ដំបងនិងកំពង់ស្ពឺ។
ក្រសួងធនធានទឹកនិងឧតុនិយម បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុងសប្តាហ៍នេះ។